(​សេអ៊ូល)៖ កូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅថ្ងៃសុក្រនេះ បានឈានដល់ការព្រមព្រៀងគ្នាហើយថានឹងរៀបចំកិច្ចសន្ទនាកម្រិតខ្ពស់នៅសប្ដាហ៍ក្រោយនេះ ដើម្បីពិភាក្សា ពីការចូលរួមរបស់ទីក្រុងព្យុងយ៉ាង ក្នុងព្រិតិ្តការណ៍អូឡាំពិចរដូវរងារនៅឯទីក្រុង Pyeong Chang ប្រទេសកូរ៉េខាងត្បូង ក៏ដូចជាផ្លូវឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងនូវ ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០១៨។

ជាមួយគ្នានោះដែរ បើតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង កូរ៉េខាងជើង បានទទួលយកសំណើរៀបចំកិច្ចសន្ទនារបស់ទីក្រុងសេអ៊ូល ដែលគ្រោងនឹងធ្វើឡើងថ្ងៃអង្គារ ទី០៩ ខែមករានេះ។ «ភាគីទាំងពីរបានសម្រេចចិត្តទទួលយកកិច្ចពិភាក្សាកម្រិតខ្ពស់ ហើយរបៀបរវារៈនឹងផ្ដោតលើវិធីសាស្រ្តធ្វើយ៉ាងណាអាចស្ដារទំនាក់ទំនងរវាងភាគី ទំាងពីរ ព្រមទាំងកិច្ចសហប្រតិបត្តិការស្ដីពីការរៀបចំកីឡាអូឡាំពិច»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិ លោក បេក តេយ៉ុន (Baik Tae-hyun)។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានលើកឡើងថា កិច្ចពិភាក្សាកម្រិតខ្ពស់ដែលគ្រោងនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ រវាងរដ្ឋាភិបាលកូរ៉េខាងជើង និងកូរ៉េខាងត្បូង គឺជា «រឿងដ៏ល្អមួយ»៕