(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍តនេះ បានលើកឡើងថា កិច្ចពិភាក្សាកម្រិតខ្ពស់ ដែលគ្រោងនឹងធ្វើឡើង នៅសប្តាហ៍ក្រោយ រវាងរដ្ឋាភិបាលកូរ៉េខាងជើង និងកូរ៉េខាងត្បូង គឺជា «រឿងដ៏ល្អមួយ» ដោយការលើកឡើងនេះហាក់ដូចជា កោតសរសើចំពោះពួកគេ, នេះបើយោងតាមសារព័ត៌មាន AP News ចុះផ្សាយឲ្យដឹងនៅ យប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨នេះ។
«ជាមួយនឹងក្រុមអ្នកជំនាញទាំងអស់ ដែលបានថ្លឹងថ្លែងខុស, តើមានអ្នកណាម្នាក់ ពិតជាជឿជាក់ថា ការជជែកនិងពិភាក្សា អាចនឹងត្រូវបានធ្វើឡើង រវាងរដ្ឋាភិបាលកូរ៉េខាងជើង និងកូរ៉េខាងត្បូងនាពេលនេះ ប្រសិនបើខ្ញុំមិនតឹងរឹង, រឹងមាំ និងមានឆន្ទៈ ក្នុងការប្តេជ្ញាចិត្តសរុបរបស់យើងប្រឆាំងនឹងកូរ៉េខាងជើង», នេះបើតាមលោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហោះលើ Twitter របស់លោក។ លោក ត្រាំ បានបន្តថា «វាល្ងីល្ងើ, ប៉ុន្តែការជជែកពិភាក្សានេះ គឺជារឿងល្អ»។
គួរជម្រាបថា រដ្ឋាភិបាលកូរ៉េខាងត្បូង បាននឹងកំពុងរៀបចំ ស្នើឲ្យមានកិច្ចពិភាក្សាកម្រិតខ្ពស់មួយ ជាមួយកូរ៉េខាងជើង នាសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សា «បញ្ហាផលប្រយោជន៍រវាងគ្នាទៅវិញទៅមក» ក្នុងនោះរួមទាំងការចូលរួមរបស់កូរ៉េខាងជើង នៅក្នុងព្រឹតិ្តការណ៍ ប្រកួតកីឡាអូឡាំពិករដូវរងា «Pyeongchang Winter Olympics» ដែលនឹងប្រារព្ធឡើងនៅខែក្រោយ ក្នុងប្រទេសកូរ៉េខាងត្បូង៕