(វ៉ាស៊ីនតោន)៖ វោហាស័ព្ទប្រឆាំងកូរ៉េខាងជើងនាពេលថ្មីៗនេះ របស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺអាចបញ្ជាក់បានថា សហរដ្ឋអាមេរិកមិន សប្បាយចិត្តឡើយ នៅពេលឃើញកូរ៉េខាងជើង និងកូរ៉េខាងត្បូង ហាក់ដូចជាមានបំណងចង់ជួបចរចាគ្នា ដោយគ្មានទីក្រុងវ៉ាស៊ីនតោន ដែលចង់បង្កើនការដាក់សម្ពាធជាអតិបរមាលើទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ២០១៨។ នេះបើតាមក្រុមអ្នកជំនាញអាមេរិក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០១៨។
កាលពីថ្ងៃពុធម្សិលមិញ កូរ៉េខាងជើងបានសម្រេចចិត្តបើកខ្សែទូរស័ព្ទក្រហមឡើងវិញ ដើម្បីពិភាក្សាពីការរៀបចំកិច្ចសន្ទនា រវាងប្រទេសទាំងពីរ។ ប៉ុន្តែព្រមពេលជាមួយគ្នា អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ បែរជាចេញមុខអះអាងថា កូរ៉េខាងជើងអាចនឹងបាញ់សាកល្បងមីស៊ីលជាថ្មី ក្នុងពេលឆាប់ៗនេះ ហើយថាកិច្ចចរជាមួយ ទីក្រុងព្យុងយ៉ាង ក៏គ្មានផ្លូវអាចកើតឡើងដែរ បើរបបដឹកនាំកុម្មុយនីស្ដមួយនេះ មិនព្រមបង់ចោលអាវុធនុយក្លេអ៊ែរជាមុនទេនោះ។
បន្ថែមពីលើនេះអ្វីដែលគេមើលឃើញថា សហរដ្ឋអាមេរិកចង់ប្រើប្រាស់ការដាក់សម្ពាធ និងទណ្ឌកម្មសេដ្ឋកិច្ចសង្កត់កកូរ៉េខាងជើង នោះត្រូវងាកទៅមើលកាលពីប៉ុន្មានថ្ងៃមុនលោក ដូណាល់ ត្រាំ បានឆ្លើយតបទៅនឹងលោក គីម ជុងអ៊ុនថា លោកមានប៊ូតុងនុយក្លេអ៊ែរដ៏មានឥទ្ធិពលខ្លាំងជាងអ្វីដែលលោក គីម មានទៅទៀត។ ការលើកឡើងបែបនេះ បានកើតមានឡើងបន្ទាប់ពីលោក គីម បានថ្លែងនាឱកាស សុន្ទរកថាថ្ងៃចូលឆ្នាំថ្មីថា អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង មានសមត្ថភាពវាយប្រហារលើសហរដ្ឋអាមេរិកទាំងមូល ហើយថាលោកនឹងចុចប៊ូតុងនុយក្លេអ៊ែរភ្លាមៗ បើសិនជា វាចាំបាច់ត្រូវធ្វើដើម្បីការពារសន្តិសុខជាតិ។
ដោយឡែកជុំវិញសង្រ្គាមពាក្យសម្ដីនេះដែរ អ្នកជំនាញអាមេរិក លោក Darrell West ជាមន្ត្រីជាន់ខ្ពស់មួយរូបមកពីវិទ្យាសា្ថន Brookings Institute បាននិយាយថា ការប្រើប្រាស់វោហាស័ព្ទធ្វើសង្រ្គាមជាថ្មីរបស់ លោក ដូណាល់ ត្រាំ បង្ហាញថា សហរដ្ឋអាមេរិកចង់បន្តប្រើប្រាស់យុទ្ធសាស្ត្រ ដាក់សម្ពាធជាអតិបរមាទាំងសេដ្ឋកិច្ច និងការទូត ប្រឆាំងនឹងកូរ៉េខាងជើង រហូតដល់ទីក្រុងព្យុងយ៉ាង យល់ព្រមបោះបង់ចោលអាវុធនុយក្លេអ៊ែរ និងត្រឡប់មករកតុចរចាវិញ។
លោក Darrell West បានបន្ថែមទៀតថា នៅពេលនេះវាអាចពិបាកសម្រាប់មេដឹកនាំកូរ៉េខាងជើង ក្នុងការស្វែងយល់ពីជម្រៅចិត្ត និងអាកប្បកិរិយារបស់លោក ដូណាល់ ត្រាំ ដែលអាចផ្លាស់ប្ដូរគ្រប់ពេលវេលា។ «បើទោះជាលោក ត្រាំ យល់ថា តាមរយៈការដាក់សម្ពាធ និងទណ្ឌកម្មដាក់លោក អាចនឹងបង្ខំឱ្យកូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែរ ប៉ុន្តែគ្មាននរណាអាចអះអាងបានទេថា ទីក្រុងព្យុងយ៉ាងព្រមធ្វើដូច្នោះ តែអ្វីដែលគេអាចដឹងនោះគឺថា ជម្លោះ ឬភាពតានតឹងអាចនឹងស្ថិតនៅក្រៅការគ្រប់គ្រងនៅថ្ងៃណាមួយ»។ នេះបើតាមសម្តី លោក Darrell West។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញជាច្រើន ក្នុងឆ្នាំ២០១៨នេះ កូរ៉េខាងជើង អាចនឹងផ្ដើមស្វែងរកកិច្ចចរចាជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ខណៈប្រទេសកុម្មុយ នីស្ដេឯកោមួយនេះ កំពុងត្រូវការការទទួលស្គាល់ខ្លួនជារដ្ឋនុយក្លេអ៊ែរដោយស្របច្បាប់ ហើយក៏អាចការរំដោះទណ្ឌកម្ម ដែលកាន់ច្រើនឡើងៗនោះផងដែរ។ ប៉ុន្តែទន្ទឹមគ្នា លោក គីម ជុងអ៊ុន ក៏បានសន្យាដែរថា ក្នុងឆ្នាំថ្មីនេះទីក្រុងព្យុងយ៉ាង នឹងបន្តផលិតអាវុធនុយក្លេអ៊ែរសម្រាប់ប្រតិបត្តិការដាក់ពង្រាយ។ ដូច្នេះសំនួរនៅតែពិបាកឆ្លើយ ហើយចម្លើយគឺមានតែទន្ទឹងរង់ចាំស្ថានការណ៍វិឌ្ឍន៍ទៅមុខ ពីមួយតំណាក់ទៅមួយតំណាក់ទៀតប៉ុណ្ណោះ៕