(សេអ៊ូល)៖ ក្រសួងបង្រួបង្រួមជាតិកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា មិនមានកិច្ចពិភាក្សាជាក់លាក់ណាមួយឡើយ តាមរយៈខ្សែទូរស័ព្ទក្រហមអន្តរកូរ៉េ នៅក្នុងភូមិផាន់មុនចុម (Panmunjom) នោះឡើយ ទោះបីជាកូរ៉េខាងជើងបាន ទូរស័ព្ទមកប៉ុន្មានលើកនោះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០១៨។
យោងតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង កាលពីថ្ងៃពុធកូរ៉េខាងជើងបានទូរស័ព្ទមកកាន់កូរ៉េខាងត្បូង ហើយនៅម៉ោង ៩៖៣០នាទីព្រឹកមិញនេះទៀត ភាគីកូរ៉េខាងជើងក៏បានទូរស័ព្ទមកជាថ្មីម្ដងទៀត។ ប៉ុន្តែទីក្រុងព្យុងយ៉ាង បាននិយាយតាមខ្សែទូរស័ព្ទក្រហមថា ខ្លួនមិនបាននិយាយអ្វីជាមួយកូរ៉េខាងត្បូងឡើយ ហើយថាខ្លួននឹងជូនដំណឹងដល់ទីក្រុងសេអ៊ូល បើសិនជាមានអ្វីចង់ប្រាប់ ឬចង់និយាយ។
គួរបញ្ជាក់ថា ខ្សែទូរស័ព្ទក្រហមរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ត្រូវបើកជាថ្មីកាលពីថ្ងៃពុធ បន្ទាប់ពីបានបិទអស់រយៈពេលជិតពីរឆ្នាំមកនេះ។ កូរ៉េខាងជើងបានផ្ដាច់ទូរស័ព្ទក្រហមជាមួយកូរ៉េខាងត្បូងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ជាការឆ្លើយតបនឹងទីក្រុងសេអ៊ូល ដែលបានបិទសួនឧស្សាហកម្ម កែសុង (Kaesong) ជាការឆ្លយតបនឹងការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ៕