(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានសម្រេចបិទវែបសាយ ព្រមទាំងគណនីបណ្តាញ WeChat សរុបជាង ៦,០០០ ដែលមានផ្ទុករូបភាព-វីដេអូស្រើបស្រាល និងមិនសមរម្យក្នុងអំឡុងឆ្នាំ២០១៧កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០១៨។
យោងតាមរបាយការណ៍ពីការិយាល័យជាតិ ប្រឆាំងបទល្មើសផ្សព្វផ្សាយរូបភាព-វីដេអូអាសអាភាស នៃប្រទេសចិន យុទ្ធនាការខាងលើដែលមានគោលបំណងសំដៅបង្កើតបរិស្ថានវប្បធម៌ ដែលមានភាពល្អស្អាតបាត នៅក្នុងសង្គមនោះទទួលបានការវិវឌ្ឍន៍ទៅមុន ក៏ដូចជាលទ្ធផលគួរឲ្យកត់ស្គាល់ជាខ្លាំងកាលពីឆ្នាំ២០១៧។
របាយការណ៍ដដែលបានឲ្យដឹងថា វែបសាយផ្សាយល្បីៗមួយចំនួន ក៏ត្រូវបានបិទផងដែរ ខណៈជនមួយចំនួនដែលធ្វើការផ្សាយផ្ទាល់ នៅតាមវែបសាយទាំងនោះ ត្រូវបានចាប់ខ្លួន ដោយសារការផលិតរូបភាព និងវីដេអូស្រើបស្រាល។ ជាមួយគ្នានេះការបង្ហោះសាររូបភាព និងវីដេអូជាង ៤.៥លានសារ ត្រូវបានលុបបំបាត់ចោល ពីបណ្តាញអ៊ីនធឺណែត តាមរយៈសំណើពីការិយាល័យខាងលើ ក្នុងអំឡុងឆ្នាំ២០១៧ ខណៈក្រុមហ៊ុនផ្តល់សេវាកម្មអនឡាញ បានលុបការបង្ហោះស្រដៀងគ្នានោះប្រមាណ ២០លានសារ ដោយខ្លួនឯងផ្ទាល់។
គួរជម្រាបថា អាជ្ញាធរចិនក៏បានបង្រ្កាបករណីធ្ងន់ធ្ងរមួយផងដែរ ទាក់ទិននឹងការចែកចាយវីដេអូស្រើបស្រាល តាមរយៈបណ្តាញទំនាក់ទំនងរបស់ចិនផ្ទាល់ WeChat ដែលមានជាប់ពាក់ព័ន្ធនឹងមនុស្សច្រើនជាង ១០០,០០០នាក់ នៅតាមតំបន់-ខេត្តជាង ២០ ហើយក្នុងចំណោមនោះ ក៏មានអនីតិជនទៀតផង។
ម៉្យាងវិញទៀត ក្នុងឆ្នាំ២០១៧ រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានរកឃើញពីការលួចប្រើប្រាស់មធ្យោបាយ ដើម្បីចែករំលែករូបភាព-វីដេអូស្រើបស្រាល-អាសអាភាសផងដែរ ដោយជនសង្ស័យជាង ៣០នាក់ ត្រូវបានឃុំខ្លួន ដោយសារការផ្តល់ឱកាសឲ្យវីដេអូអាសអាភាស ទៅដល់ដៃអ្នកប្រាស់បណ្តាញអ៊ីនធឺណែតដទៃ អាចទស្សនាវីដេអូទាំងនោះ តាមរយៈឧបករណ៍ Virtual Reality ដែលគេនិយមហៅថា VR៕