(បាងកក)៖ អតីតមេដឹកនាំគណបក្សនយោបាយដ៏ធំមួយនៃប្រទេសថៃ គឺបក្សប្រជាធិបតេយ្យ បានលើកឡើងនាសប្តាហ៍នេះថា រូបលោកពុំមានជំនឿចិត្តថា ការបោះឆ្នោតថ្នាក់ជាតិ នឹងត្រូវបានប្រារព្ធឡើងនាឆ្នាំនេះឡើយ ហើយអ្នកនយោបាយជើងចាស់រូបនេះ ក៏បានបង្ហាញក្តីប្រាថ្នាផងដែរថា ចង់ឃើញគណបក្សនយោបាយធំៗក្នុងប្រទេស រួមកម្លាំងសាមគ្គីគ្នា ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ជាជាងទៅចូលរួមជាមួយ និងរដ្ឋាភិបាលយោធាសព្វថ្ងៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន The Nation នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០១៨។
លោក Pichai Rattakul អតីតប្រធានបក្សប្រជាធិបតេយ្យនៃប្រទេសថៃ ក៏បានសង្កត់ធ្ងន់ផងដែរថា ពុំមាននរណាម្នាក់នៅក្នុងបក្សប្រជាធិបតេយ្យចង់ចាប់ដៃជាមួយពួកយោធា ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ នៅក្រោយការបោះឆ្នោតឡើយ ដែលការបោះឆ្នោតនេះត្រូវបាននាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានកំណត់វេលាក៏ដូចជាសន្យាថា នឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំ២០១៨។
អ្នកនយោបាយជើងចាស់វ័យ ៩១ឆ្នាំ រូបនេះក៏បានបញ្ជាក់ដែរថា រូបលោកពុំគិតថា នឹងអាចមើលឃើញការវិលត្រឡប់មកវិញ នៃលទ្ធិប្រជាធិបតេយ្យ នៅក្នុងអំឡុងនៃអាយុជីវិតដែលជិតផុតរលត់របស់លោកនេះឡើយ ហើយលោក Pichai ពុំមានជំនឿថា ការបោះឆ្នោតថ្នាក់ជាតិដែលលោក ប្រាយុទ្ធ បានសន្យានោះ នឹងអាចកើតមានឡើងនាឆ្នាំនេះឡើយ។
លោក Pichai Rattakul បានបន្ថែមថា ដោយសម្អាងទៅលើរដ្ឋធម្មនុញ្ញ ដែលទើបត្រូវបានធ្វើវិសោធនកម្ម និងសមាជិកព្រឹទ្ធសភាទាំង ២៥០នាក់ ដែលត្រូវបានតែងតាំងផ្ទាល់ដោយរដ្ឋាភិបាលយោធា វាហាក់ដូចជាបុគ្គលដែលកំពុងក្តោបក្តាប់អំណាច នៅក្នុងដៃទាំងនោះ ចង់នៅបន្តការដឹកនាំរបស់ពួកគេ តទៅមុខយូរអង្វែងទៀត។
លោក Pichai បានបញ្ជាក់ជាចុងក្រោយដូច្នេះថា «វាពុំមានមធ្យោបាយណា ដែលគណបក្សនយោបាយ អាចយកឈ្នះលើឥទ្ធិពលដែលបានចាក់ឬសគល់យ៉ាងរឹងមាំដូច្នេះឡើយ លុះត្រាតែពួកគេរួមកម្លាំងគ្នា ដើម្បីធ្វើយ៉ាងដូច្នោះ។ ប៉ុន្តែវាពិតជារឿងដ៏លំបាក ពីព្រោះតែបក្សប្រជាធិបតេយ្យ និងបក្សភឿថៃ ដែលជាគណបក្សនយោបាយធំៗទាំង ២ នៅប្រទេសថៃ ធ្លាប់មានប្រវត្តិសាស្រ្តដ៏ជូរចត់រវាងគ្នា ប៉ុន្តែគ្មានជម្រើសផ្សេងនោះឡើយ ក្រៅតែពីត្រូវទុកភាពខ្វែងគំនិតគ្នាមួយឡែកសិន។ បើមិនដូច្នោះទេ ពុំមានវីធីណាផ្សេងដើម្បីទទួលជ័យជម្នះ នៅក្រោមរបបដឹកនាំយោធាបែបនេះ ហើយនិងការបង្កើតរដ្ឋាភិបាល ដែលមានភាពប្រជាធិបតេយ្យពេញលេញមួយនោះ»។
គួរជម្រាបថា ប្រទេសថៃបានបន្តស្ថិតក្រោមការដឹកនាំបែបយោធា អស់រយៈពេលជាង ០៣ឆ្នាំមកហើយ នៅក្រោមរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូចា ដែលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នៃបក្សភឿថៃកាលពីឆ្នាំ២០១៤។ ចាប់តាំងពីពេលនោះមក ទោះបីជាការបោះឆ្នោតដើម្បីជ្រើសរើសអ្នកដឹកនាំ តាមលទ្ធិប្រជាធិបតេយ្យ ត្រូវបានសន្យាដោយរដ្ឋាភិបាលយោធាថៃក៏ដោយ កាលបរិច្ឆេទច្បាស់លាស់ ត្រូវបានពន្យាពេលជាច្រើនលើក៕