(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តចុះហត្ថលេខាលើបទបញ្ជាឱ្យលុបចោល «គណៈកម្មការស៊ើបអង្កេតលើការបន្លំសន្លឹកឆ្នោត» ដែលលោកខ្លួនឯងជាអ្នកបង្កើត ដោយបន្ទោសថា បណ្ដារដ្ឋជាច្រើនបានបដិសេធមិនផ្ដល់កិច្ចសហប្រតិបត្តិការ ក្នុងការផ្ដល់ទន្និន័យអ្នកបោះឆ្នោត។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០១៨។
យោងតាមសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយដោយសេតវិមានកាលពីថ្ងៃពុធ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើទោះជាមានភស្ដុតាងជាច្រើន ជុំវិញអ្នកបោះឆ្នោតក្លែងក្លាយក៏ដោយ ក៏បណ្ដារដ្ឋជាច្រើននៅតែមិនព្រមផ្ដល់ព័ត៌មានដល់គណៈកម្មាការស៊ើបអង្កេត... ហើយប្រសើរជាងការតតាំងតាមផ្លូវច្បាប់ ដែលគ្មានទីបញ្ចប់ ខ្ញុំ មិនចង់ខ្ជះខ្ជាយលុយបង់ពន្ធរបស់ប្រជាជនអាមេរិនោះទេ ដូច្នេះនៅថ្ងៃនេះខ្ញុំសម្រេចចិត្តចុះហត្ថលេខាលើបទបញ្ជា ឱ្យរំលោយគណៈកម្មការនេះចោល ព្រមទាំងស្នើឱ្យក្រសួងសន្តិសុខមាតុភូមិ ពិនិត្យលើបញ្ហានេះឡើងវិញ និងកំណត់សកម្មភាពជាបន្ទាន់»។
គួររំលឹកថា ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ លោក ត្រាំ បានអះអាងជាច្រើនដងថា ប្រជាជនជាង ០៣លាននាក់ បានបោះឆ្នោតដោយខុសច្បាប់ ជាហេតុធ្វើ ឱ្យលោកមានសំឡេងគាំទ្រពីប្រជាជនអាមេរិក ឬប្រជាប្រិយភាព (Popular Votes) ចាញ់លោកស្រី ហ៊ីលឡារី គ្លីនតុន។ គណៈកម្មការខាងលើនេះ ត្រូវបានបង្កើតឡើងកាលពីខែឧសភា ឆ្នាំ២០១៧៕