(អាមេរិក)៖ ឈានចូលដល់ឆ្នាំ២០១៨ភ្លាម ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ចេញឃ្លីបវីដេអូមួយ បង្ហាញពីមហិច្ឆតាសរុបចំនួន ១៨ របស់ខ្លួន ដែលនឹងត្រូវផ្តោតសំខាន់នាឆ្នាំថ្មីនេះ ហើយមួយចំនួន ក៏នឹងចេញលទ្ធផលក្នុងឆ្នាំនេះដែរ ដោយមិនបាច់ត្រូវការពេលយូរទៀតនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Newsweek នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០១៨។
នៅក្នុងគម្រោងទាំងនោះ ប្រហែលជាមានខ្លះដែលអ្នកទាំងអស់គ្នាធ្លាប់បានលឺ និងដឹងរួចទៅហើយ។ យានចុះចត Mars Insight ត្រូវគេកំណត់ថា នឹងបាញ់បង្ហោះនាខែឧសភាខាងមុខ ហើយចុះចតឲ្យទាន់ថ្ងៃអបអរបុណ្យ Thanksgiving នៅលើភពអង្គារ (Mars)។
ផែនការសម្រាប់ឆ្នាំ២០១៨មួយផ្សេងទៀត គឺកំពុងតែធ្វើដំណើរហោះទៅកាន់គោលដៅរបស់វា។ យានអវកាស OSIRIS-REx ដែលត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ២០១៦ និងមានគោលទៅទៅរកអាចម៍ផ្កាយ មានឈ្មោះថា Bennu ហើយនឹងទៅដល់ទីនោះនាខែសីហា ឆ្នាំ២០១៨នេះ ដើម្បីប្រមូលយកគំរូតាងអាចម៍ផ្កាយ មកឲ្យអ្នកវិទ្យាសាស្រ្តនៅភពផែនដី ធ្វើការស្រាវជ្រាវ។
គម្រោងចំនួន ០២ នៃការបាញ់បង្ហោះយានគួរឲ្យរំភើបដទៃទៀត នឹងធ្វើឡើងនារដូវក្តៅអាមេរិកនាឆ្នាំនេះ គឺយានអវកាស TESS និងយានអវកាស Parker Solar។ TESS នឹងសំលឹងមើលផ្កាយចំនួន ២០០,០០០ដួង ដើម្បីរុកភពក្រៅប្រព័ន្ធព្រះអាទិត្យ ដូចទៅនឹងកែវយឺតអវកាស Kepler ដែរ។ ចំណែក Parker Solar Probe ដែលនឹងបាញ់បង្ហោះនៅខែសីហា នឹងចំណាយពេល ០៧ឆ្នាំ ដើម្បីធ្វើដំណើរដោយសន្សឹមៗទៅកាន់ព្រះអាទិត្យ ក្នុងគោលបំណងសិក្សាស្រាវជ្រាវ។
បន្ថែមពីលើគម្រោងធំៗទាំងនេះ អង្គការ NASA នឹងធ្វើការងារទៅលើគោលដៅដ៏យូរអង្វែងមកហើយ ដូចជាការធ្វើឲ្យបច្ចេកវិទ្យា Sonic Boom មានសំឡេងស្ងាត់ជាងមុន រួមទាំងការពិសោធន៍លើយន្តហោះអេឡិចត្រូនិក X-57 ដែលត្រូវបានរចនាឡើង ដើម្បីធ្វើឲ្យការហោះហើរមានតម្លៃទាប និងមិនបំពុលបរិស្ថានជាដើម។ ម៉្យាងវិញទៀត NASA ក៏នឹងបន្តសិក្សាលើភពផែនដី ដែលពួកយើងទាំងអស់គ្នា កំពុងរស់នៅផងដែរ តាមរយៈការបាញ់បង្ហោះផ្កាយរណបបន្ថែម ដែលនឹងធ្វើការវាស់ស្ទង់ផ្ទាំងទឹកកក ហើយនិងកំណត់ផែនទីព្រៃឈើ។
ចុងក្រោយ ជាការពិតណាស់ NASA នឹងបន្តរក្សាសំឡឹងមើលគោលដៅដ៏ធំបំផុតនោះ គឺការនាំយកមនុស្សលោក ទៅកាន់ទីអវកាសវិញ។ ឆ្នាំនេះជាជំហានដំបូង NASA ចង់សហការជាមួយក្រុមហ៊ុនឯកជនអាមេរិក ដើម្បីបញ្ជូនអវកាសយានិកចេញពីមូលដ្ឋាននៅសហរដ្ឋអាមេរិក ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS។ បន្ថែមពីនេះ NASA ក៏កំពុងធ្វើការងារជាមួយក្រុមហ៊ុនទាំងនោះ ដើម្បីរិះរកវិធីសាស្រ្តថ្មី ដើម្បីរស់នៅរស់ទីអវកាសដែរ ដែលវារចនាឡើងមិនត្រឹមសម្រាប់តែក្នុងស្ថានីយ ISS ប៉ុណ្ណោះទេ តែសម្រាប់នាំយកមនុស្សទៅកាន់ឋានព្រះច័ន្ទ ហើយទីបំផុតទៅកាន់សូម្បីតែភពអង្គារ៕