(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅថ្ងៃព្រហស្បតិ៍នេះ នឹងជួបជាមួយក្រុមស្ត្រីកូរ៉េខាងត្បូង ដែលត្រូវបានគេបង្ខំឱ្យធ្វើជាទាសករផ្លូវភេទរបស់កងទ័ពជប៉ុននៅអំឡុងសម័យសង្រ្គាមលោកលើកទី ២ ខណៈជម្លោះអតីតកាលនេះ កំពុងធ្វើឱ្យទំនាក់ទំនងរវាងជប៉ុន និងកូរ៉េខាងត្បូងចាប់ផ្ដើមរង្គោះរង្គើរសាជាថ្មី។ យោងតាមកូរ៉េខាងត្បូង ស្ត្រីកូរ៉េខាងត្បូងជាង ២០០,០០០នាក់ ត្រូវបានគេបង្ខំឱ្យធ្វើទាសករផ្លូវភេទរបស់កងទ័ពជប៉ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០១៨។
យោងតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានរៀបចំជួបជាមួយក្រុមស្ត្រីកូរ៉េខាងត្បូង ដែលត្រូវបានគេបង្ខំឱ្យធើ្វជាទាសករផ្លូវភេទរបស់កងទ័ពជប៉ុន នាឱកាសទទួលទានអាហារថ្ងៃត្រង់ ថ្ងៃនេះតែម្តង។ ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនស្រី្តទាំងនេះទេ ហើយនេះ គឺជាជំនួបលើកទី ២ ចាប់តាំងពីលោក មូន ឡើងកាន់តំណែងជាប្រធានាធិបតី កូរ៉េខាងត្បូង និងក្រោយពេលពួកគេត្រូវបានអញ្ជើញ ឱ្យចូលរួមក្នុងពិធីទទួលទានអាហារពេលល្ងាច នៅអំឡុងការបំពេញដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែវិច្ឆិកាកន្លងទៅ។
គួរបញ្ជាក់ថា កាលពីពេលថ្មីនេះ លោក មូន ជែអ៊ីន កិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៥ ដែលជប៉ុនសម្ដែងការសូមទោស និងបានផ្ដល់ប្រាក់សំណងជាង ៨.៨លានដុល្លារ ដល់ជនរងគ្រោះគឺជាកំហុសមួយដ៏ធ្ងន់ធ្ងរ ត្បិតវាមិនបានបំពេញនូវអ្វីដែលពួកគេត្រូវការ ហើយមិនតែប៉ុណ្ណោះ គណៈកម្មាការមួយក៏ត្រូវបានបង្កើតឡើងផងដែរ ដើម្បី ស៊ើបអង្កេតលើកិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅជំនាន់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ។ ប៉ុន្តែទន្ទឹមគ្នា រដ្ឋាភិបាលជប៉ុនក៏បានបញ្ជាក់ដែរថា ការព្យាយាមសើរើកិច្ចព្រមព្រៀង អាចនឹងបំផ្លាញទំនាក់ទំនងរវាងប្រទេសទាំងពីរ៕