(វ៉ាស៊ីនតោន)៖ អតីតអ្នកគ្រប់គ្រងយុទ្ធនាការបោះឆ្នោតរបស់ លោក ដូណាល់ ត្រាំ និងជាអតីតទីប្រឹក្សាយុទ្ធសាស្រ្តប្រចាំសេតវិមាន លោក ស្ទីវ បេនណុន (Steve Bannon) បានបំផ្លាញឱកាសមាសរបស់លោក នៅឯការិយាល័យមន្រ្តីជាន់ខ្ពស់រូបនេះ តាមរយៈការចូលរួមពាក់ព័ន្ធធ្វើឲ្យលេចធ្លាយព័ត៌មានផ្ទៃក្នុង និងការបកមកខាំម្ចាស់ខ្លួនឯងជាដើម។ នេះបើតាមសម្តីកូនប្រុសរបស់ប្រធានាធិបតីអាមេរិក គឺលោក ដូណាល់ ត្រាំ ជូនា (Donald Trump Jr.) ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០១៨។
តាមរយៈបណ្តាញ Twitter លោក Trump Jr. បានបង្ហោះសារយ៉ាងដូច្នេះថា «លោក Steve មានកិត្តិយសដើម្បីបម្រើការងារនៅក្នុងសេតវិមាន ក៏ដូចជាប្រទេសជាតិ។ ប៉ុន្តែគួរឲ្យសោកសាយ លោកបានបំផ្លិចបំផ្លាញកិត្តិយសនេះ ហើយប្រែក្លាយឱកាសនេះ ទៅជាសុបិន្តអាក្រក់នៃការលួចចាក់ពីក្រោយខ្នង ការប្រមាថ ការបញ្ចេញព័ត៌មានផ្ទៃក្នុង ការភូតកុហក និងការបង្កភាពរាំងស្ទះដល់ប្រធានាធិបតី»។
នៅមុនការបញ្ចេញប្រតិកម្មខាងលើរបស់ លោក Trump Jr. សារព័ត៌មានអង់គ្លេស The Guardian បានលាតត្រដាងសេចក្តីដកស្រង់ខ្លះ ចេញពីសៀវភៅដែលមានជិតចេញផ្សាយមួយក្បាល មានចំណងជើងថា «Fire and Fury» ស្តីពីយុទ្ធនាការបោះឆ្នោត ព្រមទាំងអាណត្តិដឹកនាំរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។ សៀវភៅនេះរួមមាននូវសម្តីរបស់ លោក Bannon ដែលបាននិយាយថា ជំនួបកាលពីឆ្នាំ២០១៦ រវាងកូនប្រុសបណ្តូលចិត្តរបស់ លោក ត្រាំ គឺលោក Trump Jr. និងមេធាវីជនជាតិរុស្ស៊ីម្នាក់ គឺជាទង្វើក្បត់ជាតិ និងមិនស្នេហាជាតិឡើយ។
គួរជម្រាបថា ក្រៅពីនេះនៅក្នុងសៀវភៅខាងលើ លោក Bannon ក៏បានលើកឡើងផងដែរថា ក្រុមស៊ើបអង្កេតពិសេស នៅក្នុងរឿងអាស្រូវរវាងលោក ត្រាំ និងរដ្ឋាភិបាលរុស្ស៊ី នឹងធ្វើការកម្ទេចលោក Trump Jr. ដូចជាពងមាន់អ៊ីចឹង នៅលើបណ្តាញទូរទស្សន៍ជាតិអាមេរិក។ ដោយហេតុតែទ្រាំពុំបាននឹងរឿងនេះ លោក ដូណាល់ ត្រាំ បានបង្ហោះសារឆ្លើយតបវិញថា នៅពេលត្រូវបានបណ្តេញចេញពីតួនាទី លោក Bannon មិនត្រឹមបាត់បង់ការងារប៉ុណ្ណោះទេ តែថែមទាំងបាត់បង់សតិរបស់ខ្លួនទៀតផង៕