(វ៉ាស៊ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយ​អាមេរិកមួយចំនួន​ បានចាប់ផ្ដើមចោទសួរពី «សុខភាព​ផ្លូវចិត្ត» របស់លោក ដូណាល់ ត្រាំ ក្រោយប្រធានាធិបតី​អាមេរិករូបនេះ​ បានអួតអាងថា លោកមានប៊ូតុង​នុយក្លេអ៊ែរ ធំ​ជាងប៊ូតុង​នុយក្លេអ៊ែររបស់មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន។ យ៉ាងណាក៏​ដោយខាង​សេតវិមានបានឆ្លើយតប​ថា លោក គីម ជុងអ៊ុន ទៅវិញទេ​ដែលគេគ្រប់គ្នា​ត្រូវបានព្រួយបារម្ភ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០១៨។

កាលពី​ថ្ងៃពុធ​ម្សិលមិញ អ្នកយកព័ត៌មាន​មួយរូប មកពីស្ថានីយ៍​ទូរទស្សន៍ NBC បានចោទសួរអ្នក​នាំពាក្យសេតវិមាន លោកស្រី សារ៉ាហ៍ ហាក់ខាប៊ី សេដឺស (Sarah Huckabee Sanders) ថា តើប្រជាជនអាមេរិក​គួរតែព្រួយបារម្ភ​ ពីសុខភាពផ្លូវចិត្ត​របស់ លោក ដូណាល់​ ត្រាំ ដែរឬទេ? បន្ទាប់ពីលោក​និយាយពីប៊ូតុងនុយក្លេអ៊ែរ។ ប៉ុន្តែជាការឆ្លើយតប លោកស្រី Sanders បាននិយាយថា ប្រជាជនអាមេរិកមិនត្រូវបារម្ភ​ពីលោក ត្រាំ នោះទេ។

លោកស្រីបាន​គូសបញ្ជាក់យ៉ាងដូច្នេះថា «​ខ្ញុំគិតថា លោក​ប្រធានាធិបតី និងប្រជាជន​អាមេរិក គួរតែព្រួយបារម្ភពី​សុខភាពផ្លូវចិត្ត​របស់មេដឹកនាំ​កូរ៉េខាងជើង លោក គីម​ ជុងអ៊ុន ពីព្រោះគាត់​បានគំរាមហែង​ជាច្រើនលើក​ច្រើនសារ និងបាញ់សាកល្បង​មីស៊ីល ឥតឈប់ឈរ... លោក ត្រាំ គឺជាប្រធានាធិបតី​ដែលគោរព​តាមពាក្យសន្យា​របស់ខ្លួន ហើយក៏មិនមែន​ជាប្រធានាធិបតី​ដែលនឹងចុះខ្សោយ ឬទន់ខ្សោយនោះទេ​ គាត់នឹង​ឈរ​ការពារ​ប្រជាជន​អាមេរិក»

គួររំលឹកថា កាលពីថ្ងៃពុធ​កន្លងទៅ លោក ដូណាល់ ត្រាំ បានសរសេរ​នៅលើ Twitter​ ថាលោកមានប៊ូតុងនុយក្លេអ៊ែរធំ និងខ្លាំងជាង​ប៊ូតុងនុយក្លេអ៊ែរ របស់លោក គីម ជុងអ៊ុន។ ការលើកឡើងបែបនេះជាការឆ្លើយតប​នឹងលោក គីម ដែលថា​លោក​មានប៊ូតុងនុយក្លេអ៊ែរ​ ទុកនៅលើតុគ្រប់ពេលវេលា ហើយថា​បើសិនជាចាំបាច់​ដើម្បីការពារ​សន្តិសុខជាតិ លោកនឹងមិនស្ទាក់ស្ទើរ​ឡើយ ក្នុងការប្រើប្រាស់​អាវុធនុយក្លេអ៊ែរ៕