(ប៉ាគីស្ថាន)៖ កងនាវាចម្បាំងប៉ាគីស្ថានបានឱ្យដឹងថា បានបាញ់សាកល្បងមីស៊ីលកម្ទេចនាវាចម្បាំងជំនាន់ថ្មីរបស់ខ្លួន ប្រកបដោយជោគជ័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០១៨។
យោងតាមសេចក្ដីថ្លែងការណ៍របស់កងនាវាប៉ាគីស្ថាន ចេញផ្សាយកាលពីថ្ងៃពុធ មីស៊ីលប្រភេទថ្មីនេះឈ្មោះ ហាបាហ៍ (Harbah) ត្រូវបានបាញ់សាកល្បងចេញពី នាវាចម្បាំង Fast Attack Craft PNS Himmat។ សេចក្ដីថ្លែងការណ៍នេះដដែល បានបញ្ជាក់ទៀតថា មីស៊ីលប្រភេទថ្មីនេះមានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ ហើយវាក៏មានសមត្ថភាព វាយប្រហារលើគោលដៅនៅលើដីគោកផងដែរ។ «ការធ្វើតេស្ដដោយជោគជ័យនៃការបាញ់មីស៊ីលពិតៗនេះ បានបង្ហាញជាថ្មីពីសមត្ថភាពមីស៊ីល ដ៏គួរឱ្យទុកចិត្តនៃកងនាវាប៉ាគីស្ថាន ព្រមទាំងការរីកចំរើនក្នុងវិស័យឧស្សហកម្មអាវុធ របស់ប៉ាគីស្ថាន»។ នេះបើតាមប្រភពពីកងនាវាប៉ាគីស្ថាន។
គួរបញ្ជាក់ថា ពាក្យ Harbah គឺជាភាសា យួឌូ (Urdu) មានន័យថា អាវុធដ៏រឹងមាំនៃសង្រ្គាម ហើយតាមរយៈការធ្វើតេស្ដដោយជោគជ័យមីស៊ីលនេះ កងនាវាប៉ាគីស្ថានជឿជាក់ថា ពេលវេលាតទៅមុនប៉ាគីស្ថាន នឹងអាចធានាការពារដែនសមុទ្ររបស់ខ្លួន៕