(អេក្វាទ័រ)៖ ប្រធានាធិបតីអេក្វាទ័រ លោក ឡេនីន ម៉ូរ៉េណូ (Lenin Moreno) បានទទួលស្គាល់ថា លោក ហ្សក ក្លាស (Jorge Glas) ដែលជាអនុប្រធានាធិបតីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ០៦ឆ្នាំ ពីបទពុករលួយនោះ ត្រូវបានដកចេញមុខតំណែងជាផ្លូវការហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០១៨។
លោក Glas វ័យ ៤៨ឆ្នាំ បានបាត់បង់តួនាទីរបស់លោក ដោយស្វ័យប្រវត្តិនាថ្ងៃពុធសប្តាហ៍នេះ ដោយសារតែលោកអវត្តមាន មិនបានបំពេញតួនាទីអស់រយៈពេលជា ០៣ខែ មកហើយ ដែលជាថេរវេលាអនុញ្ញាតឲ្យអវត្តមាន នៅក្រោមរដ្ឋធម្មនុញ្ញនៃប្រទេសអេក្វាទ័រ ពីព្រោះការឃុំខ្លួនរបស់លោក។ លោក Glas គឺជាអ្នកនយោបាយអាមេរិកឡាទីន មានឋានៈខ្ពស់ជាងគេបង្អស់ ដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ នៅក្នុងរឿងអាស្រូវពុករលួយក្នុងតំបន់ដ៏ធំមួយ ពាក់ព័ន្ធនឹងក្រុមហ៊ុនសំណង់ប្រេស៊ីលមានឈ្មោះថា Odebrecht ដែលបានប្រើប្រាស់សំណូកសូកប៉ាន់ ដើម្បីរក្សាយកកុងត្រាការងារសាធារណៈផ្សេងៗ។
គួរជម្រាបថា លោក Jorge Glas ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ០៦ឆ្នាំ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ដោយតុលាការកំពូលអេក្វាទ័រ ក្រោយពីត្រូវបានរកឃើញថា មានទោសពីបទ ទទួលយកសំណូកជាទឹកប្រាក់ចំនួន ១៣.៥លានដុល្លារ នៅក្នុងរឿងអាស្រូវពុករលួយ Odebrecht។ ជុំវិញការផ្តន្ទាទោសនេះ លោក Glas បាននិយាយថា រូបលោកគឺស្អាតស្អំទាំងស្រុង នឹងប្តឹងជំទាស់សេចក្តីសម្រេចរបស់តុលាការ។ ប៉ុន្តែដោយសារតែរូបលោក ត្រូវបានគេឃុំខ្លួនតាំងតែពីថ្ងៃទី០២ ខែធ្នូមកម្ល៉េះនោះ លោកពុំមានលទ្ធភាពបំពេញតួនាទីរបស់លោកនោះឡើយ ចាប់តាំងពីពេលនោះមក។
បែបនេះមានន័យថា លោក Glas បរាជ័យក្នុងការបំពេញតួនាទីជាអនុប្រធានាធិបតីអស់រយៈពេលលើសពី ០៣ខែ ដែលអនុញ្ញាតនៅក្រោមរដ្ឋធម្មនុញ្ញរបស់ប្រទេស ដូច្នេះហើយលោកបានបាត់បង់មុខតំណែងរបស់លោកដោយស្វ័យប្រវត្តិ ខណៈប្រធានាធិបតីអេក្វាទ័រ លោក Lenin Moreno ក៏បានចេញមុខទទួលស្គាល់យ៉ាងដូច្នោះដែរ៕