(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរ៉ែស (Antonio Guterres) បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតមនុស្សនៅក្នុងបាតុកម្មតវ៉ា ដោយហិង្សាដែលកំពុងបន្តកើតមាន នៅក្នុងប្រទេសអ៊ីរ៉ង់។ ប៉ុន្តែទន្ទឹមគ្នានឹងការព្រួយបារម្ភ លោកបានអំពាវនាវផងដែរឱ្យកងកម្លាំងសន្តិសុខ និងក្រុមអ្នកតវ៉ាជៀសវាងឱ្យ បានការប្រើប្រាស់អំពើហិង្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយកាលពីថ្ងៃពុធ អ្នកនាំពាក្យរបស់ លោក Antonio Guterres គឺលោក ហ្វារហាន ហាក (Farhan Haq) បានលើកឡើងយ៉ាងដូច្នេះថា «លោកអគ្គលេខាធិការពិតជាការសោកស្ដាយ និងព្រួយបារម្ភជាខ្លាំងចំពោះការបាត់បង់អាយុជីវិតមនុស្ស នៅក្នុងបាតុកម្មតវ៉ានៅប្រទេសអ៊ីរ៉ង់... ហើយបានជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស និងការប្រមូលផ្ដុំគ្នាដោយសន្តិវិធី ព្រមទាំងសេរីភាពបញ្ចេញមតិ ហើយការធ្វើបាតុកម្មតវ៉ាគួរតែធ្វើឡើងដោយសន្តិវិធី ដើម្បីបញ្ចៀសរាល់ការប្រើប្រាស់អំពើហិង្សាសាជាថ្មី»។
គួរបញ្ជាក់ថា បាតុកម្មតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបានផ្ទុះឡើងដំបូងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនក្នុងទីក្រុង ម៉ាសហាដ (Mashhad) បានបណ្ដាលឱ្យមនុស្ស ២៣នាក់ បាត់បង់ជីវិត រីឯមនុស្សច្រើនជាង ៤៥០នាក់ ត្រូវបានចាប់ខ្លួន។ ក្រុមបាតុករបាននំាគ្នាធ្វើបាតុកម្មតវ៉ា ក្នុងគោលបំណងសម្ដែងការប្រឆាំងជំទាស់នឹងអំពើពុករលួយ និងការឡើងថ្លៃមុខទំនិញ ហើយការតវ៉ានេះទៀតសោត គឺជាបាតុកម្មតវ៉ាធំបំផុតមួយ គិតចាប់តាំងពីឆ្នាំ២០០៩មក៕