(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី កាង ឃ្យុងវ៉ា និងសមភាគីអាមេរិក លោក រិច ធីល្លឺសុននៅថ្ងៃពុធនេះ បានអះអាងឡើងវិញថានឹងបន្តកិច្ចខិតខំប្រឹង ប្រែងផ្នែកការទូតដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ដោយសន្តិវិធីក្រោយទីក្រុងព្យុងយ៉ាងយល់ព្រមភ្ជាប់ខ្សែទូរស័ព្ទក្រហមសាជាថ្មីជាមួយកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០១៨។
យោងតាមក្រសួងការបរទេសកូរ៉េខាងត្បូង លោកស្រី កាង បានពិភាក្សាតាមទូរស័ព្ទជាមួយលោក ធីល្លឺសុន ពាក់ព័ន្ធនឹងការវិវត្តន៍ស្ថានការណ៍ចុងក្រោយនៅកូរ៉េខាងជើង ជាពិសេសជុំវិញសុន្ទកថាថ្ងៃចូលឆ្នាំរបស់លោក គីម ជុងអ៊ុន។ បន្ថែមពីលើនេះ នាឱកាសនោះ ប្រមុខការទូតទាំងពីរ ក៏បានឯកភាពគ្នាថានឹងបន្តកិច្ចខិតខំប្រឹងប្រែងផ្នែក ការទូតសំដៅចូលរួមចំណែកដោះស្រាយវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើងដោយសន្តិវិធី ហើយមិនតែប៉ុណ្ណោះលោកស្រីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងបានពន្យល់ប្រាប់លោក ធីល្លឺសុន ថារដ្ឋាភិបាលទីក្រុងសេអ៊ូល មានបំណងប្រើប្រាស់ការប្រកួតកីឡាអូឡាំពិចរដូវរងារនៅខែកុម្ភៈខាងមុខនេះ ដើម្បីស្ដារទំនាក់ទំនងជាមួយកូរ៉េខាងជើង ក៏ដូចជា បញ្ចប់ភាពជាប់គាំងស្ដីពីកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរក្រុងព្យុងយ៉ាង។
គួរបញ្ជាក់ថា នៅថ្ងៃពុធនេះ កូរ៉េខាងជើង បានប្រកាសបើកខ្សែទូរស័ព្ទក្រហម ឡើងវិញជាមួយកូរ៉េខាងត្បូង បន្ទាប់ពីបានបិទអស់រយៈពេលជិត០២ឆ្នាំមកនេះ។ ប៉ុន្តែ ទន្ទឹមគ្នា អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានព្រមានថាទីក្រុងព្យុងយ៉ាង អាចនឹងបាញ់សាកល្បងមីស៊ីលក្នុងពេលឆាប់ៗនេះ ហើយថាសហរដ្ឋអាមេរិក នឹងមិនទទួលស្គាល់កិច្ចចរចាជាមួយកូរ៉េខាងជើងឡើង លុះត្រាតែរបបដឹកនាំកុម្មុយនីស្ដមួយនេះបោះបង់ចោលអាវុធនុយក្លេអ៊ែរជាមុនសិន៕