(អង់ការ៉ា)៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន នេតាន់យ៉ាយូ កំពុងគំាទ្រក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់ ខណៈចំនួនអ្នកស្លាប់ក្នុងការប៉ះទង្គិចគ្នាដោយអំពើហិង្សារវាងក្រុមបាតុករ និងប៉ូលិសកើន ដល់២៣នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០១៨។
យោងតាមការដងស្រង់សម្ដីដោយសា្ថនីយ៍ទូរទស្សន៍ CNN ជាភាសាតួកគី លោក Mevlut Cavusoglu នៅថ្ងៃពុធនេះ ក៏បានបញ្ជាក់ផងដែរថាតួកគីប្រឆាំងជានិច្ចរាល់ ការជ្រៀតជ្រែតពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់។ លោករដ្ឋមន្ត្រីការបរទេសរូបនេះ បានបន្ថែមទៀតថា តួកគីមិនបានធ្វើការធានាណាមួយទៅកាន់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយវិបត្តិការទូត ដែលជំរុញឱ្យប្រទេសទាំងពីរផ្អាកការផ្ដល់ទិដ្ឋាការនោះទេ។
គួរបញ្ជាក់ថា បាតុកម្មតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់អស់រយៈពេលជា០៦ថ្ងៃមកនេះ រាប់ចាប់ពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនមក បានបណ្ដាលឱ្យមនុស្ស២៣នាក់បាត់បង់ជីវិត រីឯមនុស្សច្រើនជាង៤៥០នាក់ត្រូវបានចាប់ខ្លួន៕