(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឱ្យដឹងថាការងាររបស់លោកពីអតីតកាលជាទីភ្នាក់ងារស៊ើបការសំងាត់សូវៀត KGB បានជួយឱ្យលោកកាន់តំណែង ជាប្រធានាធិបតីរុស្ស៊ីបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Times នៅថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០១៨។
លោក ពូទីន ថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍រដ្ឋរុស្ស៊ីកាលពីថ្ងៃអង្គារ។ ជាមួយគ្នានោះដែរ ឆ្លើយតបនឹងសំណួរថាតើលោកបានផ្លាស់ប្ដូរ អាកប្បកិរិយាចាប់តាំងពីបានក្លាយជាប្រធានាធិបតីមែនដែរឬទេ? លោកពូទីន បានឆ្លើយដូច្នេះថា៖ «ពិតមែនហើយ! ខ្ញុំបានលាតត្រដាងពីវា។ ប៉ុន្តែនៅក្នុងជីវិតរបស់ខ្ញុំពីមុន ខ្ញុំតែងតែព្យាយាមធ្វើអាកប្បកិរិយាដូចខ្ញុំរស់នៅក្រោមការឃ្លាំមើល។ វាហាក់ដូចជារឿងចម្លែក ប៉ុន្តែប្រហែលដោយសារតែការងារពីអតីតកាលរបស់ខ្ញុំ ទើបឱ្យខ្ញុំមានថ្ងៃនេះ»។
គួរបញ្ជាក់ថា លោក វ្ល៉ាឌីមៀ ពូទីន បានបម្រើការងារជាទីភ្នាក់ងារស៊ើបការសំងាត់សូវៀតនៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៩១ និងឆ្នាំ១៩៩៩ដល់ឆ្នាំ២០០០ លោកបាន ក្លាយជានាយករដ្ឋមន្ត្រីរុស្ស៊ីជាលើកដំបូង។ បន្ទាប់មកទៀត នៅឆ្នាំ២០០០ ដល់ឆ្នាំ២០០៨ និងឆ្នាំ២០១២ លោកបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីរុស្ស៊ី ហើយលោក ក៏ត្រូវបានគេរំពឹងដែរថានឹងបន្តធ្វើជាប្រធានាធិបតីមួយអណត្តិទៀតនៅឆ្នាំ២០១៨ខាងមុខនេះ៕