(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌាគ្រោងនឹងកំណត់ចំនួនភ្ញៀវទេសចរប្រចាំថ្ងៃ សម្រាប់ក្នុងចូលទស្សនប្រាសាទ Taj Mahal ក្នុងគោលបំណងថែរក្សាការពារកេរ្តិ៍តំណែល ជានិមិត្តរូបទាំងពីសម័យសតវត្សទី ១៧នេះ ឲ្យបានគង់វង្សយូរអង្វែង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០១៨
ភ្ញៀវទេសចរដែលភាគច្រើនសុទ្ធជាជនរួមជាតិឥណ្ឌាផ្ទាល់រាប់លាននាក់ តែងតែធ្វើការចូលទស្សនាប្រាសាទ Taj Mahal ជារៀងរាល់ឆ្នាំ ហើយចំនួននៃភ្ញៀវទេសចរ កំពុងមានការកើនឡើងជាលំដាប់ ដោយសារតែភាពអំណោយផលនៃ មធ្យោបាយធ្វើដំណើរនៅក្នុងប្រទេស ដែលកាន់តែមានភាពងាយស្រួលទៅ។
ខណៈក្រុមអ្នកជំនាញបានលើកឡើងពីក្តីព្រួយបារម្ភ អំពីស្ថានភាពនៃប្រាសាទបុរាណពណ៌សនេះ នាថ្ងៃខាងមុខ ភ្ញៀវទេសចរក្នុងស្រុកត្រឹម ៤០,០០០នាក់ ដែលនឹងត្រូវអនុញ្ញាតឲ្យចូលទស្សនា ក្នុងសំណង់ស្ថាបត្យកម្មនេះក្នុងមួយថ្ងៃៗ ប៉ុន្តែជនបរទេស ដែលបង់ថ្លែសំបុត្រចូលទស្សនាប្រមាណ ១៦ដុល្លារនោះ នឹងមិនស្ថិតក្រោមការដាក់កំហិតនេះឡើយ។
គួរជម្រាបថា ប្រាសាទ Taj Mahal ត្រូវបានស្ថាបនាឡើងដោយព្រះចៅអធិរាជឥណ្ឌា Shah Jahan ដើម្បីធ្វើជាផ្នូរសម្រាប់មហេសីជាទីគាប់ព្រះទ័យរបស់ទ្រង់ ព្រះនាម Mumtaz Mahal ដែលបានសោយទិវង្គតនៅពេលប្រសូតបុត្រ កាលពីឆ្នាំ១៦៣១៕