(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងបង្ហាញពីឈ្មោះសារព័ត៌មាន ដែលសមតែនឹងទទួលបានពានរង្វាន់ជាប្រព័ន្ធផ្សព្វ ផ្សាយបោកប្រាស និងពុករលួយប្រចំាឆ្នាំ២០១៧ (The Most Dishonest and Corrupt Media Awards) នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហូរ នៅរសៀលថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ បានសរសេរនៅលើ Twitter កាលពីថ្ងៃអង្គារ យ៉ាងដូច្នេះថា «ខ្ញុំនឹងប្រកាសពីពានរង្វាន់ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយពុករលួយ និងបោកប្រាសបំផុតប្រចាំឆ្នាំ ២០១៧ នៅថ្ងៃចន្ទ វេលាម៉ោង ៥៖០០នាទី (ត្រូវហ្នឹងម៉ោង ២២៖០០នាទីម៉ោងសកល)។ ចំណែកឯ ប្រធានបទនឹងផ្ដោតសំខាន់លើការបោកប្រាស់ និងការរាយការណ៍ព័ត៌មានដ៏អាក្រក់បំផុត ពីបណ្ដាសារព័ត៌មានបោកប្រាស ឬ Fake News»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ជារឿយៗតែងតែហៅសារព័ត៌មានរិះគន់ លើរដ្ឋបាលរបស់លោកថា ជាព័ត៌មានក្លែងក្លាយឬ Fake News ហើយសារព័ត៌មានដែល លោករិះគន់ញឹកញាប់ជាងគេមាន CNN, New York Times និង Washington Post ជាដើម។ តែទោះជាយ៉ាងនេះក្ដី ការស្ទង់មតិរបស់ទីភ្នាក់ងារ Rasmussen បានបង្ហាញថា ប្រជាជនអាមេរិក មានសិទ្ធិបោះឆ្នោត ៤០ភាគរយ ចង់ឱ្យ Fox News ឈ្នះពានរង្វាន់ ខណៈមានតែ ២៥ភាគរយ ប៉ុណ្ណោះជ្រើសរើស CNN៕