(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានដាក់ចេញនូវការអាប់ដេតសន្តិសុខសម្រាប់ខែមករា ឆ្នាំ២០១៨ របស់ខ្លួន ដើម្បីកែតម្រូវក៏ដូចជាបំពេញបន្ថែមនូវ ចន្លោះប្រហោងផ្នែកសន្តិសុខសរុបចំនួន ៣៨ចំណុច សម្រាប់ស្មាតហ្វូន Pixel និង Nexus ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០១៨។
សេចក្តីប្រកាសព័ត៌មានរបស់ Google បានឲ្យដឹងថា ការអាប់ដេតសន្តិសុខខាងលើនេះ បានដោះស្រាយនូវរាល់ចំណុចចន្លោះប្រហោងសំខាន់ៗ ហើយវាមានប្រសិទ្ធភាពទៅលើស្មានហ្វូន Pixel និង Nexus ដែលជាផលិតផលផ្ទាល់របស់ក្រុមហ៊ុន Google គ្រប់ជំនាន់ រួមមានដូចជា Nexus 5X, Nexus 6P, Pixel, Pixel XL, Pixel 2, Pixel 2 XL, និង Pixel C ដើម្បីឲ្យអ្នកប្រើប្រាស់ អាចរក្សាឲ្យទូរស័ព្ទដៃរបស់ពួកគេ មានសុវត្ថិភាព។
គួរជម្រាបថា ទោះបីជាជាខ្លួនពុំទទួលបាន សេចក្តីរាយការណ៍ណាមួយ អំពីស្មាតហ្វូនរបស់អ្នកប្រើប្រាស់ រងការចូលលុកលុយពីប្រភពខាងក្រៅ តាមចំណុចចន្លោះប្រហោងផ្សេងៗក៏ដោយ ក្រុមហ៊ុន Google បានទទូចជាខ្លាំងថា អ្នកប្រើប្រាស់ទាំងអស់អាប់ដេតទូរស័ព្ទរបស់ពួកគេ ឲ្យបានឆាប់បំផុតតាមតែអាចទៅរួច៕