(អាមេរិក)៖ ទីបំផុតក្រុមអវកាសយានិករបស់អង្គការ NASA បានកំណត់ដោយជោគជ័យនូវ DNA នៃពពួកមីក្រុប (ពពួកសារពាង្គកាយដ៏តូចល្អិត) ដែលត្រូវបានរកឃើញនៅលើស្ថានីយអវកាសអន្តរជាតិ ISS ដែលប្រការនេះ បានធ្វើឲ្យវាគឺជាលើកដំបូងបំផុតពុំធ្លាប់មាននោះឡើយ ដែលសារពាង្គកាយអាថ៌កំបាំង ត្រូវបានកំណត់សម្គាល់នៅក្នុងលំហអាកាសទាំងស្រុង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០១៨។
ពីដំបូងពពួកមីក្រុបនេះ ត្រូវបានគេគ្រោងនឹងបញ្ជូនមកកាន់ផែនដី ដើម្បីធ្វើការវិភាគស្រាវជ្រាវឯណោះទៅវិញទេ។ ចំណែកការកំណត់ DNA ថ្មីនេះ គឺជាសញ្ញានៃជំហានដ៏សំខាន់មួយ ឈានទៅរកការធ្វើរោគវិនិច្ឆ័យក៏ដូចជាព្យាបាលជំងឺរបស់អវកាសយានិក ហើយនាថ្ងៃណាមួយ នឹងអាចកំណត់អត្តសញ្ញាណនៃទម្រង់ជីវិតទាំងឡាយ ដែលផ្អែកលើ DNA នៅលើភពដទៃៗទៀត។
ជុំវិញរបកគំហើញខាងលើនេះ ក្រុមអ្នកវិទ្យាសាស្រ្តនៅឯផែនដីវិញ បានបញ្ជាក់ទទួលស្គាល់ថា ការកំណត់អត្តសញ្ញាណនៃពពួកមីក្រុបនេះ ពិតជាត្រឹមត្រូវ ដូច្នេះហើយការពិសោធន៍នេះ គឺជាការពិសោធន៍ដោយជោគជ័យ។ សមិទ្ធផលដ៏អស្ចារ្យនេះ ក៏អាចផ្តល់អត្ថប្រយោជន៍ដល់ការពិសោធន៍ដទៃៗទៀត នៅលើស្ថានីយអវកាស ISS ផងដែរ។
គួរបញ្ជាក់ថា ការសិក្សាស្រាវជ្រាវនាំគេឲ្យរកឃើញ ក្រុមមីក្រូសារពាង្គកាយ ដែលរស់នៅលើស្ថានីយអវកាស ISS គឺស្រដៀងនឹងពពួកមីក្រូសារពាង្គកាយ ដែលនៅក្នុងលំនៅឋានរបស់មនុស្ស លើភពផែនដីយើងដែរ។ ទាំងនេះគឺជារបករំហើញថ្មី នៃគម្រោងដ៏ធំថ្មីមួយ ដែលបានធ្វើការវិភាគទៅលើបាតេរី ត្រូវបានរកឃើញនៅតាមទីកន្លែង ១៥ខុសៗគ្នា នៅលើស្ថានីយ ISS។
គួរជម្រាបថា វានឹងក្លាយជារឿងដ៏សំខាន់មួយ ក្នុងស្វែងយល់ដឹងអំពី របៀបបាក់តេរីរស់នៅក្នុងលំហអាកាស ខណៈមនុស្សព្យាយាមអភិវឌ្ឍន៍យាន ដែលនឹងនាំយកក្រុមអវកាសយានិក ទៅកាន់ទីកន្លែងដ៏សែនឆ្ងាយ ក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។ វាកាន់តែសំខាន់ទៅទៀត ជាពិសេស ដើម្បីព្យាយាម និងជៀសវាង ការធ្វើឲ្យរីករាលដាលនៃបាក់តេរីទាំងនោះ ទៅកាន់ភពដទៃៗទៀត៕