(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានព្រមានថា កូរ៉េខាងជើងអាចនឹងបាញ់សាកល្បងមីស៊ីលជាថ្មីម្ដងទៀត ហើយថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនចូលរួមក្នុងកិច្ចចរចាជាមួយកូរ៉េខាងត្បូង និងកូរ៉េខាងជើងឡើយ លុះត្រាតែកូរ៉េខាងជើង យល់ព្រមបោះបង់ចោលអាវុធនុយក្លេអ៊ែរជាមុនសិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០១៨។
ការថ្លែងបែបនេះរបស់ លោកស្រី Nikki Haley ធ្វើឡើងនៅក្នុងបរិបទដែលកូរ៉េខាងជើង និងកូរ៉េខាងត្បូង កំពុងងាកមករកការផ្សះផ្សាគ្នាឡើងវិញ តាមរយៈការបញ្ជាផ្ទាល់របស់ លោក គីម ជុងអ៊ុន ឱ្យបើកខ្សែទូរស័ព្ទក្រហមឡើងវិញ ដើម្បីបើកកិច្ចចរចាអន្តរកូរ៉េ ក្រោយមានសំណើពីទីក្រុងសេអ៊ូល។ យ៉ាងណាក៏ដោយ ថ្លែងនៅចំពោះមុខ អ្នកសារព័ត៌មាននៅថ្ងៃអង្គារ (ម៉ោងនៅសហរដ្ឋអាមេរិក) លោកស្រីទូតអាមេរិកបានអះអាងថា សហរដ្ឋអាមេរិក ទទួលបានដំណឹងថា កូរ៉េខាងជើងទំនងជាកំពុងរៀបចំ ធ្វើតេស្ដមីស៊ីលសាជាថ្មីក្នុងពេលឆាប់ៗនេះ។
«ខ្ញុំសង្ឃឹមថា វានឹងមិនកើតឡើងឡើយ។ ប៉ុន្តែបើសិនជាវាកើតឡើងមែន នោះយើងត្រូវតែចាត់វិធានការយ៉ាងតឹងរឹង ប្រឆាំងនឹងរបបដឹកនាំកូរ៉េខាងជើង។ មួយវិញទៀតខ្ញុំចង់បញ្ជាក់ថា កូរ៉េខាងជើងអាចនឹងចរចាជាមួយនរណាម្នាក់ ដែលពួកគេចង់ ប៉ុន្តែសហរដ្ឋអាមេរិកនឹងមិនចូលរួមឡើយ លុះត្រា តែពួកគេយល់ព្រមបោះបង់អាវុធនុយក្លេអ៊ែរជាមុនសិន»។ ជាការលើកឡើងរបស់ លោកស្រី Nikki Haley។
គួរបញ្ជាក់ថា លោកស្រី Nikki Haley មិនបានបញ្ជាក់លម្អិតឡើយ ពាក់ព័ន្ធនឹងការរៀបចំបាញ់សាកល្បងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង ខណៈក្រុមអ្នកជំនាញអាមេរិកខ្លះយល់ថា កូរ៉េខាងជើងកំពុងព្យាយាមប្រើកិច្ចចរចា ដើម្បីទាញកូរ៉េខាងត្បូងឱ្យឃ្លាតឆ្ងាយបន្តិចពីសហរដ្ឋអាមេរិក ក៏ដូចជាចង់បានសម្បទានពីទីក្រុងសេអ៊ូល ជាពិសេសគឺ ការបន្ធូរបន្ថយការដាក់ទណ្ឌកម្មសេដ្ឋកិច្ច៕