(សេអ៊ូល)៖ នៅទីបំផុត កូរ៉េខាងជើង នៅថ្ងៃពុធនេះ បានសម្រេចចិត្តបើកបណ្តាញខ្សែទូរស័ព្ទក្រហម (Hotline) ទាក់ទងឆ្លងព្រំដែនឡើងវិញ ហើយដើម្បីពិភាក្សាអំពីកិច្ចសន្ទនា អន្តរកូរ៉េជាមួយកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនសីនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០១៨។
កាលពីដំបូងឡើយ បើតាមស្ថានីយទូរទស្សន៍កូរ៉េខាងជើង KCNA នាយកទីភ្នាក់ងាររបស់កូរ៉េខាងជើង ដែលទទួលបន្ទុកកិច្ចការអន្តរកូរ៉េ បានចេញសេចក្តីប្រកាសថា ប្រទេសរបស់ខ្លួន នឹងបើកច្រកកិច្ចសន្ទនានៅឯភូមិរួមព្រំដែន Panmunjeom នាវេលាម៉ោង០៣៖០០នាទីរសៀលថ្ងៃពុធនេះ (ម៉ោងនៅទីក្រុងព្យុងយ៉ាង)។
គួរជម្រាបថា សេចក្តីប្រកាសខាងលើនេះ ពីសំណាក់កូរ៉េខាងជើង ត្រូវបានធ្វើឡើង មួយថ្ងៃក្រោយពីទីក្រុងសេអ៊ូល បានស្នើឲ្យមានការរៀបចំកិច្ចប្រជុំកម្រិតខ្ពស់រវាង ប្រទេសទាំងពីរ នៅឯភូមិ Panmunjeom នាថ្ងៃទី០៩ ខែមករានេះ ក្រោយពីមេដឹកនាំរបបក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន បានបង្ហាញពីបំណងបើកកិច្ចសន្ទានា ជាមួយកូរ៉េខាងត្បូង៕