(សេអ៊ូល)៖ ខណៈកំពុងទន្ទឹងរង់ចាំការឆ្លើយតបពីទីក្រុងព្យុងយ៉ាង ទីបំផុតកូរ៉េខាងត្បូង បានទទួលសារពីអតីតបងប្អូនរបស់ខ្លួនវិញ ដោយនាថ្ងៃពុធនេះប្រទេសកូរ៉េខាងជើង បានប្រកាសថា នឹងបើកបណ្តាញទាក់ទងឆ្លងព្រំដែនឡើងវិញ ដើម្បីពិភាក្សាអំពីកិច្ចសន្ទនាអន្តរកូរ៉េហើយដែលត្រូវបានគេចាត់ទុកថា ជាសញ្ញាវិជ្ជមាននៃទំនាក់ទំនងអន្តរកូរ៉េ នៅឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០១៨។
បើតាមស្ថានីយវិទ្យុរដ្ឋកូរ៉េខាងជើង នាយកទីភ្នាក់ងាររបស់កូរ៉េខាងជើង ដែលទទួលបន្ទុកកិច្ចការអន្តរកូរ៉េ បានចេញសេចក្តីប្រកាសថា ប្រទេសរបស់ខ្លួន នឹងបើកច្រកកិច្ចសន្ទនានៅឯភូមិរួមព្រំដែន Panmunjeom នាវេលាម៉ោង ០៣៖០០នាទីរសៀលថ្ងៃពុធនេះ (ម៉ោងនៅទីក្រុងព្យុងយ៉ាង)។
គួរជម្រាបថា សេចក្តីប្រកាសខាងលើនេះពីសំណាក់កូរ៉េខាងជើង ត្រូវបានធ្វើឡើង មួយថ្ងៃក្រោយពីទីក្រុងសេអ៊ូល បានស្នើឲ្យមានការរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ រវាងប្រទេសទាំងពីរ នៅឯភូមិ Panmunjeom នាថ្ងៃទី០៩ ខែមករានេះ ក្រោយពីមេដឹកនាំរបបក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន បានបង្ហាញពីបំណងបើកកិច្ចសន្ទានា ជាមួយកូរ៉េខាងត្បូង៕