(វ៉ាស៊ីនតោន)៖ ស្របពេលដែលបាតុកម្មកំពុងបន្តផ្ទុះឡើងយ៉ាងក្តៅគគុក រដ្ឋបាលលោក ដូណាល់ ត្រាំ បានកាន់តែបង្កើនការគាំទ្ររបស់ខ្លួន ចំពោះក្រុមបាតុកម្មនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយបានស្នើយ៉ាងទទូច ឲ្យរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បញ្ឈប់ការបិទកម្មវិធី Instagram ព្រមទាំងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Associated Press នៅព្រឹកថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០១៨។
ក្រោយពីមានការបង្ហោះសារជាច្រើនថ្ងៃកន្លងទៅនេះ ដោយប្រធានាធិបតី លោក ដូណាល់ ត្រាំ គាំទ្រចំពោះទង្វើរបស់ក្រុមអ្នកតវ៉ា និងការប្រកាសរបស់លោកដែលថា វាដល់ពេលត្រូវផ្លាស់ប្តូរហើយនោះ ក្រសួងការបរទេសអាមេរិកនាពេលនេះ បានលើកឡើងបន្ថែមទៀតថា ទីក្រុងវ៉ាស៊ីនតោនមានកាតព្វកិច្ចមិនអាចឱបដៃឈរមើលបញ្ហានៅអ៊ីរ៉ង់បាននោះឡើយ។
អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស លោក ស្ទីវ ហ្គោលស្តែន (Steve Goldstein) ដែលទទួលបន្ទុកកិច្ចការទូតសាធារណៈបាននិយាយថា សហរដ្ឋអាមេរិកចង់ឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ បើកវែបសាយទាំងនេះឡើងវិញ រួមមានទាំងកម្មវីធីចែករំលែករូបភាព Instagram និងកម្មវិធីផ្ញើសារ Telegram។ លោក Goldstein បានបញ្ជាក់ថា «បណ្តាញទាំងនេះ គឺជាមធ្យោបាយស្របច្បាប់ ក្នុងការធ្វើប្រាស្រ័យទាក់ទង ហើយដូច្នេះប្រជាជននៅក្នុងប្រទេសអ៊ីរ៉ង់ គួរតែអាចមានសិទ្ធិប្រើប្រាស់ពួកវា»។
គួរជម្រាបថា ចាប់តាំងតែពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧មក សកម្មភាពប្រឆាំងតវ៉ាផ្នែកនយោបាយ បានកើតមានឡើងជាបន្តបន្ទាប់ នៅក្នុងប្រទេសអ៊ីរ៉ង់ហើយមកទល់ពេលនេះ មនុស្ស ២២នាក់ ហើយបានបាត់បង់ជីវិត។ ដោយចាប់ផ្តើមជាមួយហេតុផល សេដ្ឋកិច្ចទន់ខ្សោយ និងការឡើងថ្លៃនៃទំនិញ ក្រុមបាតុកម្មបច្ចុប្បន្ន កំពុងធ្វើការទាមទារឲ្យមានការទម្លាក់មេដឹកនាំកំពូលរបស់ពួកគេ គឺលោក អាយ៉ាតូលឡាហ៍ អាលី ខាមេណៃ (Ayatollah Ali Khamenei) ដែលជាប្រមុខរដ្ឋកាន់អំណាចយូរជាងគេទីពីរ ប្រចាំនៅមជ្ឈិមបូព៌ា និងមានឋានៈធំជាងប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រួហានី (Hassan Rouhani) ទៅទៀត៕