(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រួហានី បានស្នើឱ្យរដ្ឋាភិបាលបារាំង ចាត់វិធានការលើអ្នកប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់មួយក្រុម មានមូលដ្ឋាននៅក្នុងប្រទេសបារាំង ដែលលោកចាត់ទុកថាជាក្រុមភេរវករ និងជាអ្នកញុះញង់ឱ្យមានបាតុកម្មតវ៉ា នៅក្នុងប្រទេសអ៊ីរ៉ង់នាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Daily Mail នៅព្រឹកថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០១៨។
ការស្នើខាងលើរបស់លោក រួហានី ធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ ជាមួយប្រធានាធិបតីបារាំង លោក អែមម៉ានុយអ៊ែល ម៉ាក្រុង។ ថ្លែងនាឱកាសនោះដែរ លោក រួហានី បានលើកឡើងយ៉ាងដូច្នេះថា «យើងថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ពួកភេរវករមួយក្រុម មានមូលដ្ឋាននៅក្នុងប្រទេសបារាំង ព្រមទាំង សកម្មភាពរបស់ពួកគេប្រឆាំងនឹងប្រជាជនអ៊ីរ៉ង់... ហើយយើងកំពុងទន្ទឹមរង់ចាំចំណាត់ការពីរដ្ឋាភិបាលបារាំង ប្រឆាំងនឹងពួកភេរវករមួយនេះ»។
គួរបញ្ជាក់ថា ក្រុមដែលលោក រួហានី ចង់សំដៅគឺជាអ្នកនយោបាយប្រឆាំងអ៊ីរ៉ង់មួយក្រុម ដែលបានរស់នៅនិរទេសក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ឬគេស្គាល់ឈ្មោះថា មូហ្សាហ៊ីឌីន អ៊ី ខាល (Mujahedeen-e-Khalq)។ ក្រុម Mujahedeen-e-Khalq នេះឯង ត្រូវបានអាជ្ញាធរអ៊ីរ៉ង់ចោទប្រកាន់ថា ជាអ្នកញុះញង់ឱ្យមានបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់ និងមានសម្ព័ន្ធភាពជាមួយប្រទេសអារ៉ាប៊ីសាអូឌីត ខណៈមកទល់នឹងថ្ងៃអង្គារម្សិលមិញ ចំនួនអ្នកស្លាប់បានកើនដល់ ២២នាក់ និង ៤៥០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងការប៉ះទង្គិចគ្នារវាងប៉ូលិស និងក្រុមបាតុករ៕