(ហ្គាហ្សា)៖ មេដឹកនាំចលនាហាម៉ាស-ប៉ាឡេស្ទីន លោក អ៊ីស្មែល ហានេយ៉ា (Ismail Haneya) បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រៀបចំបង្កើតយុទ្ធសាស្រ្តប្រឈមមុខគ្រប់ជ្រុងជ្រោយមួយ ដើម្បីទប់ស្កាត់ចេតនាអាក្រក់នាពេលថ្មីៗ របស់សហរដ្ឋអាមេរិក រួមនិងអ៊ីស្រាអែល ជុំវិញបញ្ហាទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០១៨។
យោងតាមលោក Haneya ដោយឈរលើចលនា Intifada របស់ប៉ាឡេស្ទីនប្រឆាំងនឹងអ៊ីស្រាអែល យុទ្ធសាស្រ្តខាងលើ គួរតែរៀបចំនូវកម្មវិធីរួបរួមសាមគ្គីនៃប៉ាឡេស្ទីន អារ៉ាប់ និងអ៊ីស្លាម ដើម្បីប្រឈមមុខតទល់ជាមួយការសម្រេចចិត្ត លើទីក្រុងពិសិដ្ឋហ្សេរុយសាឡឹម ដោយអាមេរិក និងអ៊ីស្រាអែល។ មេដឹកនាំហាម៉ាសរូបនេះ ក៏បានអំពាវនាវឲ្យប្រទេសដទៃទៀត ដែលគាំទ្រដល់ប៉ាឡេស្ទីន ហើយប្រឆាំងគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោននោះ មកចូលរួមជាមួយពួកគេ នៅក្នុងយុទ្ធសាស្រ្តបង្រួបបង្រួមនេះផងដែរ។
ជាចុងក្រោយ លោក Haneya បានបញ្ជាក់ច្បាស់ៗថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងបក្សកាន់អំណាច Likud របស់អ៊ីស្រាអែល នឹងមិនអាចផ្លាស់ប្តូរអត្តសញ្ញាណ ឬបុគ្គលិកលក្ខណៈនៃទីក្រុងហ្សេរុយសាឡឹម ដែលតែងតែជាមុខមាត់ និងអត្តសញ្ញាណមួយរបស់ប៉ាឡេស្ទីន អារ៉ាប់ និងអ៊ីស្លាមបានឡើយ៕