(សាន់ហ្វ្រាន់ស៊ីស្កូ)៖ អាកាសចរណ៍ Alaska Airline របស់សហរដ្ឋអាមេរិក ដែលមានជើងហោះហើរលេខ៩១៥ បានបង្ខំចិត្ត​លុប​ចោល​​ជើង​ហោះហើរ​​របស់ខ្លួន បន្ទាប់ពីមានការលុកលុយពីសត្វកណ្តុរមួយក្បាល ដែលត្រូវបានគេប្រទះឃើញរត់ចូលទៅ​ក្នុង​យន្ត​​ហោះ​។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០១៨។

ជើងហោះហើរ ៩១៥ ដែលគ្រោងនឹង​ចាកចេញពី​ទីក្រុង អូកលែន (Oakland) នៃរដ្ឋ​កាលីហ្វរញ៉ា ទៅកាន់ទីក្រុង​ផតលែន (Portland) នៃរដ្ឋ​វ៉ាស៊ីនតោន​នោះ​ត្រូវបានលុបចោល ក្រោយពីអ្នក​ដំណើរទាំងអស់ បានឡើងលើ​យន្តហោះ ដើម្បីត្រៀម​ចេញ​​ដំណើរ​រួច​ទៅ​​ហើយ។ ក្រោយ​អ្នក​ដំណើរ​ភាគច្រើ​ន ក្នុងចំណោមអ្នក​ដំណើរទាំង ១១០នាក់ ត្រូវបាន​ណែនាំឲ្យ​ធ្វើដំណើរតាម​ជើង​​ហោះ​ហើរ​​មួយ​​ផ្សេង​ទៀត ទៅកាន់ក្រុង Portland នាប៉ុន្មាន​ម៉ោង​ក្រោយ។

គួរជម្រាបថា បើតាម​សេចក្តីថ្លែងការណ៍​របស់អាកាសចរណ៍ Alaska Airlines នា​ខណៈពេលនេះ យន្តហោះ​ខាងលើ ពុំទាន់អាច​​​បម្រើសេវាបាន​នៅឡើយទេ តែវានឹងវិល​មកធ្វើប្រតិបត្តិការ​ដូចដើមវិញ នៅពេលត្រូវ​បានបញ្ជាក់​អ្នកជំនាញថា វានឹងគ្មានវត្តមាន​សត្វចង្រៃទេនោះ ហើយយន្តហោះនេះ ក៏ត្រូវបានឆ្លងកាត់​ការត្រួតពិនិត្យយ៉ាងដិតដល់ ដើម្បីធានាថា វាពុំបានទទួលរង​ការខូច​ខាត​ណាមួយ បង្កឡើងដោយ​សត្វកណ្តុរមួយក្បាល​នេះ​ផងដែរ៕