(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារឌឺដងដាក់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយអះអាងថា សហរដ្ឋអាមេរិកមានអាវុធនុយក្លេអ៊ែរ ដ៏មានឥទ្ធិពលខ្លាំងជាងកូរ៉េខាងជើង។ ការថ្លែងបែបនេះរបស់លោក ត្រាំ កើតមានឡើងចំពេលកូរ៉េខាងត្បូង បានដាក់សំណើចង់ចរចាជាមួយកូរ៉េខាងត្បូង នៅថ្ងៃទី០៩ ខែមករា ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០១៨។
កាលពីថ្ងៃចន្ទកន្លងទៅ នៅក្នុងសុន្ទរកថាចូលឆ្នាំថ្មី លោក គីម ជុងអ៊ុន បាននិយាយថា សហរដ្ឋអាមេរិកទាំងមូល មិនអាចគេចផុតពីអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើងឡើយ ហើយថាប៊ូតង់នុយក្លេអ៊ែរ ស្ថិតនៅលើតុរបស់លោកជានិច្ច។ ជាការឆ្លើយតបថ្លែងនៅលើ Twitter កាលពីថ្ងៃអង្គារ លោក ត្រាំ បានលើកឡើងដូច្នេះថា «មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទើបតែបានអួតអាងថា ប៊ូតង់នុយក្លេអ៊ែរស្ថិតនៅលើតុរបស់គាត់គ្រប់ពេលវេលា... ប៉ុន្តែមាននរណាម្នាក់មកពីរបបខ្សត់ខ្សោយ និងខ្វះស្បៀងអាហាររបស់គាត់ អាចប្រាប់គាត់បានថា ខ្ញុំក៏មានប៊ូតង់នុយក្លេអ៊ែរដែរ ហើយមានឥទ្ធិពល និងខ្លាំងជាងរបស់គាត់ទៅទៀត... ប៊ូតង់នុយក្លេអ៊ែររបស់ខ្ញុំអាចដំណើរ ការណ៍គ្រប់ពេល»។
គួររំលឹកថា នៅក្នុងសុន្ទរកថាថ្ងៃចូលឆ្នាំថ្មី លោក គីម ជុងអ៊ុន បានបង្ហាញពីបំណងចង់រៀបចំកិច្ចសន្ទនាជាមួយកូរ៉េខាងត្បូងជុំវិញការចូលរួមប្រកួតកីឡាអូឡាំពិករដូវរងារឆ្នាំ២០១៨ ប៉ុន្តែទន្ទឹមលោកក៏បានអះអាងដែរថា លោកនឹង មិនស្ទាក់ស្ទើរឡើយក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងករណីសន្តិសុខជាតិត្រូវបានគំរាមកំហែង៕