(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកាត់ផ្ដាច់ជំនួយហិរញ្ញវត្ថុដល់ប៉ាឡេស្ទីន ដែលលែងមានបំណងចរចាសន្តិភាពជាមួយអ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០១៨។
ថ្លែងនៅលើ Twitter កាលពីថ្ងៃអង្គារ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «មិនមែនមានតែប៉ាគីស្ថានតែមួយគត់នោះទេ ដែលយើងបានផ្ដល់លុយរាប់ពាន់លានដុល្លារ តែមិនបានទទួលអ្វីត្រឡប់មកវិញ... ឧទាហរណ៍យើងបានផ្ដល់ជំនួយរាប់ពាន់លានដុល្លារដល់ប៉ាឡេស្ទីន ក្នុងមួយឆ្នាំៗ ដោយមិនបានទទួលមកវិញនូវការអរគុណ ឬក៏ការគោរព ហើយជាងនេះទៅទៀតពួកគេមិនចង់ចរចាស្វែងរកសន្តិភាពជាមួយអ៊ីស្រាអែល ដែលគេទន្ទឹមរង់ចំាជាយូរណាស់មកហើយ»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas កាលពីខែធ្នូ កន្លងទៅបានប្រកាសថា ប៉ាឡេស្ទីននឹងមិនទទួលយកផែនការស្វែងរកសន្តិភាព របស់សហរដ្ឋអាមេរិកឡើយ ជាការឆ្លើយតបទៅនឹងការទទួលស្គាល់ជាឯកតោភាគីថា ទីក្រុងហ្សេរុយសាឡឹមជា រដ្ឋធានីរបស់អ៊ីស្រាអែល៕