(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានចោទប្រកាន់ប្រទេសជាសត្រូវរបស់អ៊ីរ៉ង់មួយចំនួនថាជាអ្នកអុជអាលញុះញង់ឱ្យមានបាតុកម្មតវ៉ា ប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់ ខណៈចំនួនអ្នកស្លាប់ក្នុងការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមបាតុករ និងប៉ូលិស បានកើនដល់២២នាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០១៨។

ការថ្លែងបែបនេះរបស់លោក Ali Khamenei ធ្វើឡើងជាលើកដំបូងបំផុតចាប់តាំងពីបាតុកម្មតវ៉ាផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ បានលើកឡើងនៅ Twitter ដូច្នេះថា៖«នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សត្រូវរបស់អ៊ីរ៉ង់បានប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ក្នុងនោះមានទាំងលុយ និងអាវុធ រួមទាំងនយោបាយ និងទីភ្នាក់ងារស៊ើបការសំងាត់ដើម្បីបង្កើតភាពវឹកវរនៅក្នុងប្រទេសអ៊ីរ៉ង់»។ បន្ថែមពីលើនេះ លោក Ali Khamenei ក៏បានបញ្ជាក់ដែរថាលោកនឹងថ្លែង សារទៅកាន់ប្រជាជនអ៊ីរ៉ង់នៅពេលវេលាសាកសមណាមួយ ហើយបើទោះជាលោកមិនបានបញ្ជាក់ថាសត្រូវរបស់ទីក្រុងតេហេរ៉ង់ជានរណា តែគេដឹងថាលោកចង់សំដៅ លើសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា បាតុកម្មតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់ បានផ្ទុះឡើងដំបូងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន នៅក្នុងទីក្រុង Mashhad ដោយក្រុមអ្នកតវ៉ាបានប្រមូលផ្ដុំគ្នានៅតាម ដងផ្លូវដើម្បីសម្ដែងការប្រឆាំងជំទាស់នឹងការឡើងថ្លៃទំនិញ និងអំពើពុករលួយ ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក មនុស្សជាង៤៥០នាក់ ត្រូវបានចាប់ខ្លួន៕