(វ៉ាស៊ីនតោន)៖ ទីបំផុតរដ្ឋបាលអាមេរិក បានសម្រេចផ្អាកការផ្តល់ជំនួយហិរញ្ញវត្ថុ ផ្នែកយោធាប្រមាណ ២៥៥លានដុល្លារ ទៅឲ្យប៉ាគីស្ថាន បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបង្ហោះសាររិះគន់ធ្ងន់ៗ ចំពោះទីក្រុងអ៊ីស្លាម៉ាបាដ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០១៨។
មន្រ្តីសន្តិសុខជាតិអាមេរិកមួយរូប បានបង្ហើបឲ្យដឹងយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក គ្រោងមិនចំណាយកញ្ចប់ថវិកាចំនួន ២៥៥លានដុល្លារ ក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុយោធា សម្រាប់ប៉ាគីស្ថាននាពេលនេះឡើយ។ លោកប្រធានាធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិករំពឹងថា ប៉ាគីស្ថាននឹងចាត់វិធានការឲ្យបានសមស្រប ប្រឆាំងនឹងក្រុមភេរវករ ក៏ដូចជាក្រុមសកម្មប្រយុទ្ធ នៅលើទឹកដីរបស់ខ្លួន និងថាសកម្មភាពរបស់ប៉ាគីស្ថានក្នុងការគាំទ្រដល់យុទ្ធសាស្រ្ត សម្រាប់តំបន់អាស៊ីខាងត្បូងរបស់អាមេរិក នឹងកំណត់ពីជោគវាសនា នៃទំនាក់ទំនងរបស់យើង រួមបញ្ចូលទាំងជំនួយសន្តិសុខ-យោធានាពេលអនាគត»។
នាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើ Twitter ថា សហរដ្ឋអាមេរិកបានខិតខំចំណាយថវិកា រាប់រយលានដុល្លារ ក្នុងការផ្តល់ជំនួយឲ្យប៉ាគីស្ថាន ខណៈប៉ាគីស្ថានខ្លួនឯងវិញ មិនបានចូលរួមចំណែកអ្វីសូម្បីតែបន្តិច ក្នុងការបង្រ្កាបអំពើភេរវកម្ម ហើយថែមទាំងបានផ្តល់កន្លែងជ្រកកោណសុវត្ថិភាព ឲ្យក្រុមភេរវករ ដែលភៀសខ្លួនមកពីអាហ្វហ្គានីស្ថានទៀត។ ជាមួយគ្នានោះ លោកប្រធានាធិបតីអាមេរិក បានប្តេជ្ញាថា នឹងឈប់ផ្តល់ជំនួយឲ្យហិរញ្ញវត្ថុឲ្យទីក្រុងអ៊ីស្លាម៉ាបាដ ទៀតហើយ។
ស្របពេលជាមួយគ្នា រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន នាថ្ងៃអង្គារនេះក៏បានកោះហៅ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប៉ាគីស្ថាន លោក David Hale ឲ្យទៅជួបផងដែរ ជុំវិញការលើកឡើងរិះគន់ធ្ងន់ៗបែបនេះរបស់ លោក ដូណាល់ ត្រាំ និងអំពីគោលនយោបាយប្រឆាំងអំពើភេរវកម្មរបស់ខ្លួន។
គួរជម្រាបថា ប៉ាគីស្ថានគឺជាដៃគូដ៏សំខាន់មួយ របស់សហរដ្ឋអាមេរិក នៅតំបន់អាស៊ីខាងត្បូង ក៏ប៉ុន្តែនាពេលកន្លងទៅនេះ មានសេចក្តីរាយការណ៍ថា ចលនាក្រុមសកម្មប្រយុទ្ធតាលីបង់ នៃប្រទេសអាហ្វហ្គានីស្ថាន ដែលប្រើប្រាស់ទឹកដីនៃភាគខាងជើងរបស់ប៉ាគីស្ថាន ដើម្បីធ្វើជាមូលដ្ឋានរបស់ពួកគេ។ ម៉្យាងវិញទៀត លោក Osama bin Laden អតីតមេដឹកនាំក្រុមភេរវករអាល់កៃដា ដែលជាបងធំនៅពីក្រោយមហាភេរវកម្មថ្ងៃទី១១ ខៃកញ្ញា ឆ្នាំ២០០១ នោះក៏ត្រូវបានគេរកឃើញ និងធ្វើឃាតដោយកងទ័ពអាមេរិក នៅលើទឹកដីប៉ាគីស្ថាន កាលពីឆ្នាំ២០១១ផងដែរ៕