(កាប៊ុល)៖ ពួកសកម្មប្រយុទ្ធមកពីក្រុម ISIS រហូតដល់ ៦០នាក់ បានបាត់បង់ជីវិតនៅក្នុងខេត្ត Nangarhar ភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន ខណៈកងទ័ពរដ្ឋាភិបាលទីក្រុងកាប៊ុល បានបើកប្រតិបត្តិការចូលលុកលុយ ក្នុងទីតាំងសម្ងំលាក់ខ្លួនរបស់ពួកគេ នាវេលាទាបភ្លឺថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០១៨។
យោងតាមអ្នកនាំពាក្យអាជ្ញាធរខេត្ត Nangarhar កងកម្លាំងថ្មើរជើងអាហ្វហ្គានីស្ថាន ដែលមានការគាំទ្រពីកងទ័ពអាកាស បាននិងកំពុងវាយប្រហារទៅលើទីតាំង និងកន្លែងលាក់ខ្លួន នៃក្រុមសកម្មប្រយុទ្ធ ISIS នៅតំបន់នានា នៃស្រុក Haska Mina ចាប់តែតាំងពីវេលាទាបភ្លឺ ហើយមកទល់ពេលនេះ ជនសកម្មប្រយុទ្ធ ៦០នាក់ ហើយត្រូវបានសម្លាប់ និង ១៨នាក់ ផ្សេងទៀតរងរបួស។
គួរជម្រាបថា នៅក្នុងអំឡុងប្រតិបត្តិការដ៏ក្តៅគគុកនេះ ជនស៊ីវិលម្នាក់ក៏បានស្លាប់ផងដែរ រួមនិង ១៣នាក់ ទៀតបានទទួលរងរបួស៕