(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ បានស្នើទៅកាន់កូរ៉េខាងជើង រៀបចំកិច្ចប្រជុំកម្រិតខ្ពស់នៅឯភូមិ ផាន់ម៉ុនចុម (Panmunjom) នៅថ្ងៃទី០៩ ខែមករា បន្ទាប់ពីមេដឹកនាំរបប ក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន បានបង្ហាញពីបំណងបើកកិច្ចសន្ទានា ជាមួយទីក្រុងសេអ៊ូល។ នេះបើតាមអ្នកនាំពាក្យ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០១៨។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានក្នុងទីក្រុងសេអ៊ូល អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក ចូ ម្យុងគ្យុន (Cho Myoung-gyon) បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «រដ្ឋាភិបាលកូរ៉េខាងត្បូង បានដាក់សំណើទៅកាន់កូរ៉េខាងជើង ដើម្បីរៀបចំកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់រវាងប្រទេសទាំងពីរ នៅថ្ងៃទី០៩ ខែមករា នៅឯ Peace House ក្នុងភូមិ Panmunjom»។ Peace House គឺជាអគារមួយស្ថិតនៅក្នុងភូមិ Panmunjom ក្បែរព្រំដែនប្រទេសទាំងពីរ ស្ថិតនៅក្នុងទឹកដីកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា ការស្នើរៀបចំកិច្ចចរចានេះ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយលោក គីម ជុងអ៊ុន នាឱកាសថ្លែងសុន្ទរកថាថ្ងៃចូលឆ្នាំថ្មីបាននិយាយថា ទីក្រុងព្យុងយ៉ាងមានបំណងចាត់វិធានការចាំបាច់នានា ក្នុងនោះរួមមានទាំងការបញ្ជូនប្រតិភូរបស់ខ្លួន ឱ្យទៅចូលរួមប្រកួតកីឡាអូឡាំពិករដូវរងារក្នុងទឹកដីប្រទេសកូរ៉េខាងត្បូង នៅខែកុម្ភៈខាងមុខនេះ៕