(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាឱកាសថ្លែងសុន្ទរកថាថ្ងៃចូលឆ្នាំថ្មីបានព្រមានថា កូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ បើសិនមានការគំរាមកំហែងណាមួយពីសហរដ្ឋអាមេរិក។ ប៉ុន្តែព្រមពេលជាមួយគ្នា លោក គីម ក៏បានបង្ហាញពីបំណងបើកទ្វារចរចា ជាមួយកូរ៉េខាងត្បូងផងដែរ ខណៈក្រុម អ្នកជំនាញអាមេរិកយល់ថា លោកមានបំណងប្រើប្រាស់កិច្ចចរចានេះ ដើម្បីបំបែកបាក់ និងទាញកូរ៉េខាងត្បូងឱ្យចេញពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសុន្ទរកថានាថ្ងៃចូលឆ្នាំថ្មីកាលពីថ្ងៃចន្ទ តាមកញ្ចក់ទូរទស្សន៍រដ្ឋ លោក គីម ជុងអ៊ុន បាននិយាយថា កូរ៉េខាងត្បូង និងកូរ៉េខាងជើង គួរតែបន្ធូរបន្ថយភាពតានតឹងយោធានៅលើតំបន់ឧបទ្វីបកូរ៉េ ដើម្បីបង្កើតបរិយាកាសសន្តិភាព ហើយមិនតែប៉ុណ្ណោះលោកក៏បានបង្ហាញពីបំណងបញ្ជូនប្រតិភូ ទៅចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវរងារ នៅឯប្រទេសកូរ៉េខាងត្បូង នាខែកុម្ភៈខាងមុខនេះផងដែរ។
ការលើកឡើងបែបនេះរបស់ លោក គីម បានទទួលការស្វាគមន៍ពីក្រុមមន្ត្រីកូរ៉េខាងត្បូង ដែលយល់ថា នេះគឺជាចំណុចវិជ្ជមានមួយ។ ប៉ុន្តែសម្រាប់ក្រុមអ្នកជំនាញអាមេរិក ដូចជាលោក Douglas Paal ជាអតីតមន្ត្រីទូតជាន់ខ្ពស់អាមេរិកយល់ថា វាគ្រាន់តែជាការព្យាយាមបំបែក បំបាក់សម្ព័ន្ធភាពរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ លោក Paal បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សុន្ទរកថារបស់លោក គីម គឺមានចេតនាបំបែកបំបាក់ទំនាក់ ទំនងរវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ក៏ដូចជាចង់បង្កើតភាពស្មុគស្មាញ ឱ្យសម្ព័ន្ធមិត្តទាំងពីរតែប៉ុណ្ណោះ ខណៈទីក្រុងព្យុងយ៉ាងចង់ប្រើកិច្ចចរចានេះ ដើម្បីទទួលបានសម្បទានពីកូរ៉េខាងត្បូង ជាពិសេសគឺការដកទណ្ឌកម្មសេដ្ឋកិច្ច»។
គួររំលឹកថា បើតាមក្រុមមន្រ្តីកូរ៉េខាងត្បូង កូរ៉េខាងជើងអាចនឹងបើកផ្លូវចរចានៅក្នុងឆ្នាំ២០១៨នេះ ក្នុងបរិបទទីក្រុងព្យុងយ៉ាង កំពុងជាប់ទណ្ឌកម្មស្ទើរជុំទិសពីអន្តរជាតិ ដោយការកម្មវិធីអភិវឌ្ឍន៍មីស៊ីលឆ្លងទ្វីប និងអាវុធនុយក្លេអ៊ែរ។ តែទោះជាយ៉ាងនេះក្ដី លោក គីម ជុងអ៊ុន បានអះអាងថា ក្នុងឆ្នាំ២០១៨នេះ កូរ៉េខាងជើងនឹងផ្ដោតសំខាន់លើ ការផលិតក្បាលគ្រាប់នុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីគ សម្រាប់ប្រតិបតិ្តការដាក់ពង្រាយ ដែលនេះជាមូលហេតុមួយធ្វើឱ្យកូរ៉េខាងត្បូង មិនអាចគ្មានសហរដ្ឋអាមេរិក៕