(អាមេរិក)៖ ទីភ្នាក់ងារស្រាវជ្រាវវិស័យការពារជាតិ DARPA នៃសហរដ្ឋអាមេរិក សហការជាមួយទីភ្នាក់ងារអវកាស NASA កំពុងរៀបចំគម្រោងនឹងបង្កើតបច្ចេកវិទ្យាមនុស្សយន្ត (រ៉ូបូត) ដែលអាចបញ្ចូលឥន្ទនៈឲ្យ ក៏ដូចជាជួសជុលផ្កាយរណបនានា ដែលស្ថិតនៅទីអវកាសបាន។ នេះបើតាមការដកស្រង់ការផ្សយចេញពីសារព័ត៌មាន Hindustan Times នៅព្រឹកថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០១៨។
«ស្ថានីយផ្តល់សេវាក្នុងគន្លងអវកាស» ដែលជាឈ្មោះត្រូវបានដាក់ឲ្យផ្កាយរណបរ៉ូបូតទាំងនេះនឹងពុំត្រឹមតែអាចបញ្ចូលឥន្ធនៈឲ្យផ្កាយរណបដទៃទៀតប៉ុណ្ណោះទេ ពួកវាថែមទាំងអាចជួយថែទាំឲ្យផ្កាយរណបទាំងនោះ មានដំណើរការបានយូរអង្វែងទៀតផង។ យោងតាមសេចក្តីរាយការណ៍របស់វែបសាយ Futurism ក្រុមរ៉ូបូតអវកាសនេះ អាចជួសជុលបញ្ហាតូចតាចបានជាច្រើន និងអាចបំពេញតម្រូវការក៏ដូចជាមើលថែទាំ ផ្កាយរណបសព្វថ្ងៃ ដែលកាន់តែចាស់ទៅៗ និងរងការខូចខាត។
ទីភ្នាក់ងារទាំងពីរខាងលើ ក៏សង្ឃឹមថា នឹងអាចធ្វើឲ្យគន្លងនៃភពផែនដីយើង ពុំមានកម្ទេចកម្ទីរសម្រាមអវកាស ដែលបង្កឡើងដោយផ្កាយរណបដែលឈប់ដំណើរ ឬបំណែករបស់ពួកវា ដែលត្រូវបានគេបោះបង់ ឲ្យរសាត់អណ្តែតនៅក្នុងលំហអាកាសជុំវិញភពរបស់យើងផងដែរ។ គិតត្រឹមឆ្នាំ២០១៥ វត្ថុផលិតដោយមនុស្សប្រមាណ ២៥,០០០គ្រឿង កំពុងស្ថិតនៅជុំវិញផែនដី។
គួរជម្រាបថា ក្រៅពីនេះផ្កាយរណបរ៉ូបូតខាងលើ ក៏អាចប្រឈមមុខតទល់នឹងគ្រឿងយន្តសត្រូវ នៅទីអវកាសផងដែរ ដោយមានន័យថា ពួកវាទាំងនោះ អាចកម្ចាត់ផ្កាយរណបរបស់សត្រូវបាន នៅក្នុងករណីដែលសង្រ្គាមផ្ទុះឡើង តាមរយៈការបំបែកខ្លួនរបស់គូសត្រូវ ឬធ្វើឲ្យផ្កាយរណបសត្រូវរបស់ពួកវា ធ្លាក់មកផែនដីវិញ៕