(តេហេរ៉ង់)៖ ខណៈអ៊ីរ៉ង់កំពុងប្រឈមមុខ នឹងចរន្តបាតុកម្មតវ៉ាកាន់តែខ្លាំងនៅក្នុងប្រទេស ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឆ្លៀតឱកាសលូកដៃក្នុងវិបត្តិនេះ ដោយនិយាយថា អ៊ីរ៉ង់ត្រូវការផ្លាស់ប្ដូរ។ ប៉ុន្តែអ្នកជំនាញខ្លះយល់ថា លោក ត្រាំ មិនបានយល់ច្បាស់ពីប្រភពនៃបាតុកម្ម ជាពិសេសគឺប្រជាជនអ៊ីរ៉ង់ដែលនៅតែមើលឃើញថា សហរដ្ឋអាមេរិកគឺជាមេបង្កការបំផ្លិចបំផ្លាញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today (RT) នៅព្រឹកថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០១៨។
មួយថ្ងៃមុនចូលឆ្នាំថ្មី លោក ដូណាល់ ត្រាំ បានបង្ហោះសារគាំទ្រក្រុមបាតុករ ប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់លើបណ្តាញសង្គម Twitter ដោយអំពាវនាវឱ្យរបបដឹកនាំអ៊ីរ៉ង់សព្វថ្ងៃ គោរពសិទ្ធិប្រជាជនរបស់ខ្លួន និងថែមទាំងព្រមានដែរថា របបគាបសង្កត់មិនអាចនៅឋិតឋេរយូរអង្វែងនោះទេ ហើយថាពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះ ការរំលោភសិទ្ធិមនុស្សពីសំណាក់អាជ្ញាធរអ៊ីរ៉ង់។
ប៉ុន្តែជុំវិញបញ្ហាដែរ ថ្លែងក្នុងបទសម្ភាសន៍ជាមួយ RT សាស្រ្តាចារ្យមកពីសកលវិទ្យាល័យ Aydin ក្នុងទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគី លោក អាហ៍ម៉េដ អាល់ បួរ៉ៃ (Ahmed Al-Burai) យល់ថា ប្រជាជនអ៊ីរ៉ង់ក្នុងនោះរួមមានទាំងក្រុមបាតុករប្រឆាំង នឹងរដ្ឋាភិបាលអ៊ីរ៉ង់ នៅតែមើលឃើញសហរដ្ឋអាមេរិក និងលោក ដូណាល់ ត្រាំ ក្នុងផ្លូវអវិជ្ជមាន ហើយពួកគេក៏មិនជឿជាក់លើទីក្រុងវ៉ាស៊ីនតោនដែរថា អាចជួយការពារសិទ្ធិ និងផលប្រយោជន៍របស់ពួកគេ។
លោក Al-Burai បន្ថែមថា ប្រជាជនអ៊ីរ៉ង់មិនជឿជាក់លើ លោក ត្រាំ ដោយសារតែ រដ្ឋាភិបាលរបស់លោកបានទាត់ចោល កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៥។ មិនតែប៉ុណ្ណោះ នៅក្នុងកែវភ្នែករបស់ពួកគេគោលនយោបាយអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា បានបង្កជាសង្រ្គាម និងអស្ថេរភាពនៅក្នុងតំបន់ ជាឧទាហរណ៍នៅស៊ីរី និងអ៊ីរ៉ាក់ ហើយរឹតតែសំខាន់ជាងនេះទៅទៀតគឺថា សហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់អារ៉ាប៊ីសាអូឌីត និងអ៊ីសា្រអែល ដែលប្រទេសទាំងពីរនេះអាចនិយាយបានថា ជាសត្រូវធំបំផុតរបស់អ៊ីរ៉ង់។
គួរបញ្ជាក់ថា បាតុកម្មតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់ បានផ្ទុះឡើងដំបូងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន នៅក្នុងទីក្រុង Mashhad ដោយក្រុមអ្នកតវ៉ាបានប្រមូលផ្ដុំគ្នានៅតាមដងផ្លូវ ដើម្បីសម្ដែងការប្រឆាំងជំទាស់នឹងការឡើងថ្លៃទំនិញ និងអំពើពុករលួយ។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក បាតុកម្មតវ៉ាឈានចូលថ្ងៃទី០៥ នេះបានក្លាយជាអំពើហិង្សា និងបណ្ដាលឱ្យមនុស្ស ១៣នាក់ បាត់បង់ជីវិត៕