(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) លោក ហ្សារ៉ដ អាជែន (Jarrod Agen) បាននិយាយថា សេចក្ដីរាយការណ៍នៃបណ្ដាសារព័ត៌មាន ដែលថាលោកអនុប្រធានាធិបតីអាមេរិក នឹងពន្យាពេលបំពេញដំណើរទស្សនកិច្ចជាថ្មី ទៅកាន់ប្រទេសអេហ្ស៊ីប និងអ៊ីស្រាអែលគឺជារឿងមិនពិត ហើយថាដំណើរទស្សនកិច្ច នេះនឹងត្រូវធ្វើឡើងតាមគ្រោងទុកក្នុងខែមករានេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០១៨។
ថ្លែងនៅវលើ Twitter លោក Jarrod Agen បានបញ្ជាក់ដូច្នេះថា «ដូចយើងបាននិយាយ អនុប្រធានាធិបតី លោក Mike Pence នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់អេហ្ស៊ីប និងអ៊ីស្រាអែលក្នុងខែមករា។ ដូច្នេះសេចក្ដីរាយការណ៍ពីការពន្យាពេលទស្សនកិច្ចនេះ គឺជារឿងមិនពិត»។ ការលើកឡើងរបស់ លោក Agen ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន Times of Israel បានរាយការណ៍ថា លោក Pence នឹងពន្យាពេលជាថ្មីក្នុងការបំពេញដំណើរទស្សនកិច្ច ទៅកាន់តំបន់មជ្ឈិមបូព៌ា ហើយមិនតែប៉ុណ្ណោះ សារព័ត៌មាននេះដដែល ផ្អែកលើប្រភពពីក្រសួងការបរទេសអ៊ីស្រាអែល បានអះអាងថា លោកអនុប្រធានាធិបតីអាមេរិក មិនមានឈ្មោះក្នុងបញ្ជីឈ្មោះ នៃមន្ត្រីកំពូលបរទេស ត្រូវមកបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលនោះទេ។
គួរបញ្ជាក់ថា លោក Mike Pence គ្រោងនឹងបំពេញទស្សនកិច្ច ទៅកាន់តំបន់មជ្ឈិមបូព៌ានៅពាក់កណ្ដាលខែមករានេះ ក្រោយត្រូវបានផ្អាកកាលពីថ្ងៃទី២០ ខែធ្នូ ដោយ សារតែសភាអាមេរិកបោះឆ្នោតលើកំណែទម្រង់ច្បាប់ពន្ធដារ៕