(អ៊ីស្រាអែល)៖ ប្រជាពលរដ្ឋ​អ៊ីស្រាអែល រួមទាំងប្រជាពលរដ្ឋ​អ៊ីរ៉ង់ នឹងអាចក្លាយមិត្ត​ដ៏ជិតស្និទ្ធ​ជាមួយគ្នាបាន​នាពេលអនាគត ក្រោយការដួលរលំ​នៃ​របប​ដឹក​នាំ​ទីក្រុងតេហេរ៉ង់​សព្វថ្ងៃ។ នេះបើតាមសម្តី​របស់​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដក​ស្រង់ដោយ​​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០១៨ ហើយដែលការលើកឡើងនេះ បានកើតមានឡើងតែមួយថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពីលោក ដូណាល់ ត្រាំ ថ្លែងសារមួយ​គាំទ្រដល់ក្រុមបាតុករ​អ៊ីរ៉ង់ ដែលនាំរបបដឹកនាំរបបដឹកអ៊ីរ៉ង់ផ្ទុះកំហឹង។

ការលើកឡើង​បែបនេះរបស់ លោក Netanyahu ធ្វើឡើង​នៅចំពេល​ដែលបាតុកម្មប្រឆាំង​រដ្ឋាភិបាល បាននិងកំពុងផ្ទុះឡើង​ជាបន្តបន្ទាប់​នៅតាមទីក្រុងធំៗនៃប្រទេសអ៊ីរ៉ង់ និងបន្ទាប់ពីប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាស្សាន រួហានី (Hassan Rouhani) បានព្រលយ​ពាក្យសម្តីថា សត្រូវរបស់​ប្រទេស​លោក មានការខឹងសម្បារ និងច្រណែន​ចំពោះភាពរុងរឿង ជោគជ័យ និងវឌ្ឍភាពនៃប្រជាជាតិអ៊ីរ៉ង់ ហើយពួកគេទាំង​នោះ​បានប្តេជ្ញា នាំយកបញ្ហាក្នុងតំបន់​ទៅសាបព្រួសក្នុងប្រទេស​អ៊ីរ៉ង់។

ថ្លែងក្នុងសារវីដេអូមួយ ដែលបង្ហោះទៅលើ​បណ្តាញ Twitter នាម្សិលមិញ​នេះ លោក Benjamin Neyanyahu បាន​និយាយថា «​របបនេះ (អ៊ីរ៉ង់) កំពុងព្យាយាម​យ៉ាងខ្លាំង ដើម្បីចិញ្ចឹមភាព​ចងកំហឹង ក៏ដូចជាស្អប់ខ្ពើមរវាងពួក​យើង។ ប៉ុន្តែពួកគេ​នឹង​​មិន​អាច​​ជោគជ័យ​ឡើយ។ ម៉្យាងវិញ​ទៀត នៅពេលដែលរបប​បច្ចុប្បន្ននេះ ដួលរលំទៅ​នៅទីបំផុត ហើយ​ថ្ងៃ​​ណា​មួយ​វា​ច្បាស់​ជា​ដូច្នោះ​នោះ ​ពល​រដ្ឋអ៊ីរ៉ង់​ និងអ៊ីស្រាអែល ប្រាកដក្លាយ​ជាមិត្តនឹងគ្នាជាមួយ​ថ្មីម្តងទៀត។ ខ្ញុំសូម​ជូនពរឲ្យ ប្រជាជនអ៊ីរ៉ង់ទាំងអស់ ទទួល​ជោគ​ជ័យ​​នៅក្នុងការតស៊ូដ៏​អង់អាចរបស់ពួកគេ ដើម្បីសិទ្ធិ​សេរីភាព»។

គួរជម្រាបថា នៅតាមបណ្តាទីក្រុងធំៗ​មួយចំនួន ក្នុងប្រទេស​អ៊ីរ៉ង់ រួមទាំង តេហេរ៉ង់ (Tehran), ម៉ាសហាដ (Mashhad), អ៊ីស្វាហាន (Isfahan), និង រ៉ាសត៍ (Rasht) បានទទួល​រង​ការធ្វើបាតុកម្មជាលើកដំបូង​កាលពី​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ហើយចាប់ពី​ពេលនោះមក មនុស្សម្នា​ជាច្រើននាក់ បានប្រមូលផ្តុំ​គ្នា​​ធ្វើការប្រឆាំង​តវ៉ាជាបន្តបន្ទាប់ នៅតាម​ដងផ្លូវ ជុំវិញបញ្ហានៃ​ភាពគ្មាន​ការងារធ្វើ ភាពក្រីក្រ និងការកើនឡើង​នៃចំណាយក្នុង​​ជីវ​ភាពរស់នៅ៕