(វ៉ាស៊ីនតោន)៖ ក្នុងអំឡុងពេលពេញមួយឆ្នាំ២០១៧កន្លងទៅនេះ របាយការណ៍បានបង្ហាញឲ្យដឹងថា មនុស្សសរុបចំនួន ១៥,៤៨៨នាក់ ត្រូវបានគេបាញ់សម្លាប់ នៅក្នុងទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០១៨។
យោងតាមរបាយការណ៍ចុងក្រោយបំផុត ដែលទើបចេញផ្សាយដោយវែបសាយអង្កេតការណ៍ Gun Violence Archive ប្រទេសមហាអំណាចពិភពលោកមួយនេះ បានជួបប្រទះហេតុការណ៍បាញ់ប្រហារគ្នាចំនួន ៦១,០៨៩ករណី ដែលក្នុងនោះមានមនុស្សចំនួន ១៥,៤៨៨នាក់ បានបាត់បង់ជីវិត ខណៈ ៣១,០៥៨នាក់ ផ្សេងទៀតបានរងរបួស នាឆ្នាំទៅមិញ។ ក្នុងចំណោមអ្នកស្លាប់ និងរបួស មានកុមារចំនួន ៧២៧នាក់ ដែលមានវ័យស្ថិតក្រោម ១១ឆ្នាំ និងជាង ៣,២០០នាក់ គឺជាយុវវ័យមានអាយុចន្លោះពី ១២ឆ្នាំ ដល់១៧ឆ្នាំ។
គួររំលឹកថា ករណីបាញ់ប្រហារដ៏មហាប្រល័យបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តអាមេរិកសម័យទំនើប បានកើតមានឡើង នៅឯទីក្រុង Las Vegas នៃរដ្ឋ Nevada ភាគខាងលិចអាមេរិក កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧។ ហេតុការណ៍ដ៏រន្ធត់នោះ បានបណ្តាលឲ្យមនុស្សយ៉ាងតិច ៥៨នាក់ស្លាប់ និងរាប់រយនាក់រងរបួស ក្រោយពីបុរសម្នាក់ជាខ្មាន់កាំភ្លើង បានធ្វើសកម្មភាពបាញ់រះយ៉ាងកម្រោលទៅលើហ្វូងមនុស្សជាង ២,០០០នាក់ ដែលទៅចូលរួមព្រឹត្តិការណ៍ប្រគុំតន្រ្តីដ៏ធំមួយ៕