(អាមេរិក)៖ ពិតប្រាកដណាស់ ភពផ្លូវការនៅក្នុងប្រព័ន្ធព្រះអាទិត្យយើង គឺមានតែ ០៨ប៉ុណ្ណោះ ហើយក៏ត្រូវបានចាត់ទុកជាប្រព័ន្ធព្រះអាទិត្យមួយ នៅក្នុងកាឡាក់ស៊ីមាលគីវេយ៍នេះ ដែលមានភពច្រើនបំផុតគោចរជុំវិញផ្កាយមួយដួង ដែលមានទំហំ និងពន្លឺកម្រិតមធ្យម ឬ G-Type ប៉ុន្តែភពចំនួនរាប់ពាន់ទៀត ត្រូវបានរកឃើញគិតត្រឹមចុងឆ្នាំ២០១៧ កន្លងទៅ ហើយនឹងបន្តកើនឡើងច្រើនជាងនេះទៀត។ នេះបើតាមការចេញផ្សាយដោយវែបសាយ Forbes នាល្ងាចថ្ងៃចន្ទ ទី០១ ខែមករា ឆ្នាំ២០១៨។
យោងតាមទិន្នន័យ ដែលគេទទួលបានពីអង្គការ NASA ជាការបូកសរុបលទ្ធផលប្រចាំឆ្នាំ២០១៧ គឺភពសរុបផ្លូវការចំនួន ៣,៥៧២ ត្រូវបានរកឃើញ ដោយកែវយឺតអវកាសនានា ព្រមទាំងតេឡេស្កូបពីលើផែនដី ហើយបន្ថែមពីនេះ អ្វីដែលកាន់តែនាំឲ្យយើងរំភើប និងចង់ឲ្យក្លាយជាការពិតឆាប់ៗនោះ គឺភពប្រមាណ ៥,០៧៨ ទៀតកំពុងត្រូវបានក្រុមតារាវិទូ ធ្វើការអង្កេតបន្ត ដើម្បីកំណត់ថា ពួកវាពិតជាមានវត្តមាន ហើយទើបកត់ចូលទៅក្នុងបញ្ជី នៃភពផ្លូវការដែលត្រូវបានរកឃើញ។
បើតាមសម្តីលោក Jean-Luc Margot សាស្ត្រាចារ្យ នៃនាយកដ្ឋានសិក្សាផែនដី និងភព របស់ NASA មានឈ្មោះថា UCLA បានឲ្យដឹងថា «មានភពរាប់រយពាន់លាន នៅក្នុងកាឡាក់ស៊ីមាលគីវេយ៍របស់យើង។ ប្រសិនបើយើងប្រើពេលអានឈ្មោះភពទាំងនោះម្តងមួយៗ ក៏ត្រូវប្រើពេលរហូតដល់ ៣,០០០ឆ្នាំ ដែរទើបអាចអានចប់»។
ក្រុមតារាវិទូនានានៅលើផែនដីយើងនេះ មានការជឿជាក់ដូចគ្នាថា ផ្កាយភាគច្រើននៅក្នុងកាឡាក់ស៊ី ដែលយើងមើលឃើញពន្លឺភ្លឹបភ្លែតៗ នៅលើផ្ទៃមេឃពេលយប់នោះ យ៉ាងអន់បំផុតក៏មានភព ពីរ ទៅ បីឡើងទៅធ្វើគោចរជុំវិញពួកវាដែរ។ កាលពីមុននេះ ក្រុមតារាវិទូស្ទើរតែមិនជឿផងថា ផ្កាយនានាមានភពគោចរជុំវិញ ប៉ុន្តែសូមមើលមកកាន់ព្រះអាទិត្យយើងខ្លួនឯងចុះ គ្រាន់តែព្រះអាទិត្យមួយនេះគឺមានភពចំនួន ០៨ ទៅហើយគោចរជុំវិញ ហើយដែលវាពិតជាឧទាហរណ៍ដ៏ភ្ញាក់ផ្អើលមួយ។
អ្វីដែលគួរឲ្យយើងមានការភ្ញាក់ផ្អើលបំផុតនោះ គឺជាលទ្ធផលដែលគ្រប់គ្នាត្រូវតែថ្លែងអំណរគុណដល់ក្រុមការងារ Kepler ព្រោះកែវយឺតអវកាស ដែលត្រូវបានបាញ់បង្ហោះតាំងតែពីឆ្នាំ២០០៩ កន្លងមកនេះ គឺពិតជាភាពអស្ចារ្យមួយសម្រាប់មនុស្សជាតិ ក្នុងការស្វែងរកអ្វីៗដែលយើងមិនធ្លាប់ឃើញពីមុនមក ហើយវាពិតជាសាកសមឈ្មោះថា «អ្នកបង្កើតរបកគំហើញ» យ៉ាងពិតប្រាកដ ឬក៏អាចហៅបានម្យ៉ាងទៀតថា «អ្នកធ្វើបដិវត្តន៍ នៃវិស័យតារាសាស្ត្រសកលលោក»។
គួរបញ្ជាក់ថា ដើម្បីគណនាចំនួនភពផ្សេង ឬភពក្រៅប្រព័ន្ធព្រះអាទិត្យនោះ គឺក្រុមអ្នកតារាវិទូចាប់ផ្តើមពីការរាប់ចំនួនផ្កាយសិន ដោយក្នុងកាឡាក់ស៊ីយើងនេះ គេបានកំណត់ថា មានផ្កាយតូចធំចំនួនយ៉ាងហោចណាស់ ១០០ពាន់លានដែរ ហើយសម្រាប់ភពដែលគោចរជុំវិញផ្កាយទាំងនោះ ត្រូវបានគេសន្មត់ថា មានចំនួន ៤០០ពាន់លានឯណោះ។
ទោះបីជាបែបនេះក្តី លោក Guillem Anglada Escude នៃសាកលវិទ្យាល័យ Queen Mary ទីក្រុងឡុងដ៍ ដែលកំពុងដឹកនាំក្រុមរុករកភព Promxima B ដែលស្ថិតនៅក្នុងប្រព័ន្ធផ្កាយ Alpha Centauri ដែលស្ថិតនៅជិតផែនដីយើងបំផុតនោះបានអះអាងថា ភពនៅផ្កាយផ្សេងៗអាចមានចំនួនតែ ១០០ពាន់លានប៉ុណ្ណោះ គឺជាចំនួនសមហេតុផល ព្រោះផ្កាយខ្លះជាផ្កាយភ្លោះពីរ និងផ្កាយភ្លោះបីគោចរជុំគ្នា ដូចគ្នាមិនអាចមានភពគោចរជុំវិញប្រព័ន្ធផ្កាយប្រភេទនោះឡើយ៕