(សេអ៊ូល)៖ គណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូង របស់លោកប្រធានាធិបតី មូន ជែអ៊ីន បានសំឡឹងមើលឃើញការថ្លែងសុន្ទរកថាស្វាគមន៍ឆ្នាំថ្មី ពីសំណាក់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺជាភាពវិជ្ជមានមួយ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានអះអាងនាឱកាសនោះថា ខ្លួនមានឆន្ទៈបើកកិច្ចពិភាក្សាជាមួយកូរ៉េខាងត្បូង ជុំវិញការចូលរួមរបស់កូរ៉េខាងជើង ក្នុងការប្រកួតកីឡាអូឡាំពិករដូររងារ ឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០១ ខែមករា ឆ្នាំ២០១៧។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង ដែលកំពុងកាន់អំណាចបានអះអាងថា លោក គីម ជុងអ៊ុន បានលើកឡើងអំពីភាពជោគជ័យ នៃការធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិក ក្នុងទីក្រុង PyeongChang របស់កូរ៉េខាងត្បូង ហើយក្នុងនោះកូរ៉េខាងជើងក៏ចង់ឲ្យមានការសម្រួលក្នុងការបញ្ជូនអត្តពលិករបស់ខ្លួន មកកាន់កូរ៉េខាងត្បូង ដើម្បីចូលរួមការប្រកួតផងដែរ។ អ្នកនាំពាក្យខាងលើនេះបានចាត់ទុកថា ការលើកឡើងរបស់មេដឹកនាំកូរ៉េខាងជើង គឺជាភាពវិជ្ជមាន ហើយកូរ៉េខាងត្បូងស្វាគមន៍សម្រាប់កិច្ចពិភាក្សាគ្នាថ្នាក់រដ្ឋមន្ត្រី ដែលនឹងអាចនាំឲ្យទំនាក់ទំនងអន្តរកូរ៉េ ប្រសើរឡើងបន្តិចវិញ។
គួរបញ្ជាក់ថា លោក គីម បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ ដូចគេឯងនៅលើសកលលោកផងដែរ ចំពោះឆ្នាំសកល ២០១៨ ប៉ុន្តែក្នុងនោះអ្វីដែលគ្រប់គ្នាគិតថា ជាចំណុចវិជ្ជមានថ្មីបំផុត គឺមេដឹកនាំវ័យក្មេងរូបនេះ បានបង្ហាញឆន្ទៈក្នុងការបើកកិច្ចពិភាក្សា ជាមួយកូរ៉េខាងត្បូងទៅលើការប្រកួតកីឡាអូឡាំពិករដូវរងារ ដែលនឹងប្រារព្ធធ្វើឡើងនៅកូរ៉េខាងត្បូង ក្នុងខែកុម្ភៈ ឆ្នាំ២០១៨នេះ ហើយដែលកូរ៉េខាងជើង ក៏ទទួលបានសំបុត្រអញ្ជើញក្នុងការចូលរួមផងដែរនោះ៕