(ប៉ាឡេស្ទីន)៖ ទីបំផុតអាជ្ញាធរជាតិប៉ាឡេស្ទីន (PNA) បានសម្រេចចិត្តកោះហៅអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំនៅសហរដ្ឋអាមេរិក ឲ្យត្រឡប់មកកាន់ទឹកដីប៉ាឡេស្ទីនវិញហើយ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនប្រកាសទទួលស្គាល់ហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០១ ខែមករា ឆ្នាំ២០១៨។
ការកោះហៅខាងលើនេះ គឺត្រូវបានធ្វើឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ (ម៉ោងនៅវ៉ាស៊ីនតោន) ដោយមិនឆ្លងចូលឆ្នាំថ្មីនោះឡើយ ហើយវាគឺជាការសម្រេចចិត្តមួយ ដែលត្រូវបានប្រកាសចេញដោយលោក Riad Maliki រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន ហើយអគ្គរដ្ឋទូត លោក Hossam Zomlot ជាតំណាងរបស់ខ្លួនប្រចាំនៅអាមេរិក នឹងត្រឡប់មកមាតុភូមិវិញក្នុងពេលឆាប់ៗ។
គួរបញ្ជាក់ថា ប៉ាឡេស្ទីនចង់បានទីក្រុងហ្សេរុយសាឡឹមខាងកើត ធ្វើជារដ្ឋធានីរបស់ខ្លួននៅថ្ងៃអនាគត (ប្រសិនបើ UN ផ្តល់សិទ្ធិជាប្រទេសពេញលេញ) ខណៈដែលអ៊ីស្រាអែលបានទន្ទ្រានគ្រប់គ្រងតំបន់នេះ តាំងតែពីឆ្នាំ១៩៦៧ មកម្ល៉េះ ប៉ុន្តែអ៊ីស្រាអែលមិនចង់ធ្វើការបែងចែកទឹកដី តាមប៉ាឡេស្ទីនចង់បាននោះឡើយ ដោយខ្លួនចង់ឲ្យទីក្រុងហ្សេរុយសាឡឹមទាំងមូលតែម្តង ធ្វើជារដ្ឋធានីពេញសិទ្ធិដូចដែល ត្រាំ បានទទួលស្គាល់នោះឯង៕