(តូក្យូ)៖ ក្រៅពីការចង់ពិភាក្សាគ្នាជាមួយកូរ៉េខាងត្បូង ជុំវិញការប្រកួតកីឡាអូឡាំពិករដូវរងារ ឆ្នាំ២០១៨ នៅទឹកដីកូរ៉េខាងត្បូងនោះ ប្រទេសកូរ៉េខាងជើង ដែលមានប្រមុខដឹកនាំកំពូលផុតលេខ គឺលោក គីម ជុងអ៊ុន ថែមទាំងបានអំពាវនាវឲ្យ ក្រុមជំនាញទាំងអស់ក្នុងប្រទេសរបស់លោក បង្កើនការផលិតអាវុធនុយក្លេអ៊ែរ ជាលក្ខណៈទ្រង់ទ្រាយធំតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០១ ខែមករា ឆ្នាំ២០១៨។
លោក គីម ជុងអ៊ុន ត្រូវបានសារព័ត៌មានកូរ៉េខាងត្បូងមួយ ដកស្រង់សម្តីយ៉ាងដូច្នេះថា «វាអាចទៅរួច ដែលយើងត្រូវធ្វើការផលិតក្បាលគ្រាប់នុយក្លេអ៊ែរ និងមីស៊ីលផ្លោង ដើម្បីធ្វើការដាក់ពង្រាយជាលក្ខណៈទ្រង់ទ្រាយធំ។ កូរ៉េខាងជើងអាចទប់ទល់នឹងការវាយប្រហារដោយនុយក្លេអ៊ែរគ្រប់ទម្រង់ពីសហរដ្ឋអាមេរិក ហើយសមត្ថភាពនុយក្លេអ៊ែររបស់យើង គឺឥតដែនកំណត់ឡើង ដែលអាចការពារប្រទេសយើង កុំឲ្យអាមេរិកមកប្រឡែងលេងនឹងដុំភ្លើង»។
គួរបញ្ជាក់ថា នៅមុនការលើកឡើងអំពីការបង្កើតផលិតកម្ម នៃអាវុធនុយក្លេអ៊ែរនេះ លោក គីម ក៏បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ ដូចគេឯងនៅលើសកលលោកផងដែរ ប៉ុន្តែក្នុងនោះអ្វីដែលគ្រប់គ្នាគិតថា ជាចំណុចវិជ្ជមានថ្មីបំផុត គឺមេដឹកនាំវ័យក្មេងរូបនេះ បានបង្ហាញឆន្ទៈក្នុងការបើកកិច្ចពិភាក្សា ជាមួយកូរ៉េខាងត្បូងទៅលើការប្រកួតកីឡាអូឡាំពិករដូវរងារ ដែលនឹងប្រារព្ធធ្វើឡើងនៅកូរ៉េខាងត្បូង ក្នុងឆ្នាំ២០១៨នេះ ហើយដែលកូរ៉េខាងជើង ក៏ទទួលបានសំបុត្រអញ្ជើញក្នុងការចូលរួមផងដែរនោះ៕