(កូស្តារីកា)៖ យន្តហោះខ្នាតតូចមួយគ្រឿង ដែលត្រូវបានគេដឹងថា ដឹកមនុស្សចំនួន ១២នាក់ នោះ (ភាគច្រើនជាជនបរទេស) បានធ្លាក់នៅតំបន់ភ្នំមួយ នៃខេត្ត Guanacaste នៃតំបន់ឆ្នេរសមុទ្រនៃប្រទេសអាមេរិកកណ្តាលមួយនេះ ខណៈមនុស្សនៅលើលោកទាំងអស់ មានទាំងស្លាប់ និងរងរបួសមួយចំនួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០១ ខែមករា ឆ្នាំ២០១៨។
សារព័ត៌មានក្នុងស្រុករបស់ប្រទេសកូស្តារីកា បានឲ្យដឹងទៀតថា មនុស្សមួយចំនួនបានស្លាប់ (មិនទាន់កំណត់ចំនួនជាក់លាក់) ខណៈមួយចំនួនទៀតរងរបួស ហើយនៅលើនោះគឺមនុស្ស ១០នាក់ ជាភ្ញៀវទេសចរបរទេស និង ០២នាក់ជាអាកាសយានិកកូស្តារីកា។ យន្តហោះខ្នាតតូចនេះ បានធ្លាក់នៅតំបន់ភ្នំជាប់ឆ្នេរសមុទ្រ នៅវេលាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែធ្នូ ឆ្នាំ២០១៧ (ម៉ោងនៅអាមេរិកកណ្តាល)។
គួរបញ្ជាក់ផងដែរថា យន្តហោះខ្នាតតូចខាងលើនេះ គឺជាប្រភេទ Cessna 208B ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Nature Air ដែលបានធ្វើដំណើរចាកចេញពីរមណីដ្ឋាន Punta Islita ស្ថិតនៅក្នុងខេត្ត Nandayure ឆ្ពោះទៅរដ្ឋធានីសាន់ចូស។ សម្រាប់មូលហេតុនៃការធ្លាក់ គឺទំនងជាកត្តាអាកាសធាតុមិនល្អ ខណៈក្រុមសង្គ្រោះកំពុងតែធ្វើដំណើរនៅឡើយ ទៅកាន់តំបន់កើតហេតុ៕