(ព្យុងយ៉ាង)៖ ប្រមុខដឹកនាំកំពូលផុតលេខរបស់ ប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាកិច្ចស្វាគមន៍ឆ្នាំសកល ២០១៨ នេះ បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ ដូចគេឯងនៅលើសកលលោកផងដែរ ប៉ុន្តែក្នុងនោះអ្វីដែលគ្រប់គ្នាគិតថា ជាចំណុចវិជ្ជមានថ្មីបំផុត គឺមេដឹកនាំវ័យក្មេងរូបនេះ បានបង្ហាញឆន្ទៈក្នុងការបើកកិច្ចពិភាក្សា ជាមួយកូរ៉េខាងត្បូង លើបញ្ហាសំខាន់មួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០១ ខែមករា ឆ្នាំ២០១៨។
សម្រាប់កិច្ចពិភាក្សានោះ មិនមែនទៅលើកម្មវិធីនុយក្លេអ៊ែរ ឬការចរចាបញ្ចប់ការប្រឈមមុខដាក់គ្នាផ្នែកយោធាអ្វីនោះឡើយ ប៉ុន្តែវាជាការស្វែងរកកិច្ចពិភាក្សាគ្នា ទៅលើការប្រកួតកីឡាអូឡាំពិករដូវរងារ ដែលនឹងប្រារព្ធធ្វើឡើងនៅកូរ៉េខាងត្បូង ក្នុងឆ្នាំ២០១៨នេះ ហើយដែលកូរ៉េខាងជើង ក៏ទទួលបានសំបុត្រអញ្ជើញក្នុងការចូលរួមផងដែរនោះ។ ការពិភាក្សាគឺស្ថិតនៅក្នុងគោលដៅ សម្រួលការចូលរួមរបស់កូរ៉េខាងជើង នៅក្នុងការប្រកួតអូឡាំពិកនៅកូរ៉េខាងត្បូង ខណៈដែលស្ថានការណ៍សន្តិសុខរវាងប្រទេសទាំងពីរ នៅតែកំពុងតានតឹង។
គួរបញ្ជាក់ផងដែរថា ប្រទេសកូរ៉េខាងជើង ទោះបីជាមានទំនាក់ទំនងមិនសូវល្អជាមួយប្រទេសមួយចំនួននៅលើពិភពលោក និងរងទណ្ឌកម្មច្រើនយ៉ាងណាក៏ដោយ ក៏ប្រទេសនេះត្រូវបានគេមើលឃើញថា នៅតែចាត់ទុកវិស័យកីឡាជារឿងសំខាន់ តាមរយៈការបញ្ជូនក្រុមអត្តពលិកទៅចូលរួមប្រកួតការប្រកួតកីឡាថ្នាក់តំបន់ និងពិភពលោកមិនដែលដាច់នោះឡើយ៕