(បរទេស)៖ សល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះឆ្នាំថ្មីគឺឆ្នាំ២០១៨ នឹងចូលមកដល់។ ប៉ុន្តែមុននឹងចូលឆ្នាំថ្មី យើងសូមរំលឹកឡើងពីវិបត្តិនយោបាយធំៗ ដែលបានកើតឡើង នៅក្នុងឆ្នាំ២០១៧។ ខាងក្រោមនេះគឺជាវិបត្តិនយោបាយធំៗទាំង១០ ក្នុងឆ្នាំ២០១៧៖
១៖ ជម្លោះរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសារព័ត៌មាន
ក្រោយបានស្បថឡើងកាន់អំណាចកាលពីខែមករា ឆ្នាំ២០១៧ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការមិនពេញចិត្តជាខ្លាំងចំពោះសារព័ត៌មាន អាមេរិកមួយចំនួនដែលលោកបានហៅថា Fake News ឬព័ត៌មានក្លែងក្លាយ ក្នុងនោះមានដូចជា CNN, New York Times និង Washington Post ជាដើម បន្ទាប់ពី សារព័ត៌មានទាំងនេះចេញផ្សាយជាបន្តបន្ទាប់ជុំវិញរឿងអាស្រូវទំនាក់ទំនង រវាងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកជាមួយរុស្ស៊ី៕
២៖ ការស៊ើបអង្កេតលើការលូកដៃរបស់រុស្ស៊ី ចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក
នៅខែមីនា ឆ្នាំ២០១៧ អតីតនាយក FBI លោក James Comey បានអះអាងថា FBI បានបើកការស៊ើបអង្កេតលើការលូកដៃរបស់រុស្ស៊ីចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក កាលពីឆ្នាំ២០១៦ រួមទាំងភាពអាចទៅរួចនៃទំនាក់ទំនងរវាងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកត្រាំ និងវិមានក្រឹមឡាំ។ បន្ទាប់មក នៅខែឧសភា ក្រសួង
យុត្តិធម៌អាមេរិកបានតែងតាំងអតីតនាយក FBI លោក Robert Mueller ជារដ្ឋអាជ្ញាពិសេសអាមេរិក ដើម្បីស៊ើបអង្កេតលើរឿងអាស្រូវនេះ ដោយក្នុងនោះលោកបាន ចោទប្រកាន់ជាផ្លូវការលើមន្ត្រីជំនិតរបសលោកត្រាំរួមមាន អតីតប្រធានយុទ្ធនាការឃោសនាបោះឆ្នោត លោក Paul Manafort និង អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Michael Flynn៕
៣៖ ការដើរចេញពីរដ្ឋបាលលោកដូណាល់ ត្រាំ របស់មន្ត្រីជាន់ខ្ពស់អាមេរិក
ឡើងកាន់តំណែងជិតពីរឆ្នាំមកនេះ មន្ត្រីជំនិតៗរបស់លោកត្រាំជាច្រើននាក់ ត្រូវបានបណ្ដេញពីតំណែង ឬក៏លាលែងពីតំណែងដោយខ្លួនឯង។ មន្ត្រីជាន់ខ្ពស់ទាំងនោះ មាន អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Michael Flynn, អតីតនាយក FBI លោក James Comey, អ្នកនាំពាក្យសេតវិមាន លោក Sean Spicer, ប្រធានលេខាធិការសេតវិមាន លោក Reince Priebus, នាយកផ្នែកទំនាក់ទំនងសេតវិមាន លោក Anthony Scaramucci, ប្រធានយុទ្ធសាស្ត្រ លោក Steve Bannon, រដ្ឋមន្ត្រីសុខាភិបាល លោក Tom Price និងអនុទីប្រឹក្សាសន្តិសុខជាតិលោកស្រី Dina Powell៕
៤៖ គោលនយោបាយរបស់លោកត្រាំ សម្រាប់តំបន់មជ្ឈិមបូព៌ា
លោក ដូណាល់ ត្រាំ បានបង្កភាពចម្រូងចម្រាស់ធំៗចំនួនពីរនៅក្នុងតំបន់មជ្ឈិមបូព៌ា។ កាលពីខែតុលា លោកបានប្រកាសថា អ៊ីរ៉ង់មិនបានអនុវត្តតាមកិច្ចព្រមព្រៀង នុយក្លេអ៊ែរកាលពីឆ្នាំ២០១៥ ហើយនៅក្នុងខែធ្នូនេះតែម្ដង ប្រធានាធិបតីអាមេរិករូបនេះ បានប្រកាសទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល ដោយបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិ៕
៥៖ សង្រ្គាមពាក្យសម្ដីរវាងលោកត្រាំ និងកូរ៉េខាងជើង
នៅក្នុងឆ្នាំ២០១៧នេះ ស្របពេលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង កាន់តែរីកចំរើនទៅមុខ លោកត្រាំ បានគំរាមកម្ទេចកូរ៉េខាងជើងឱ្យទៅជាផេះជាច្រើនដង ដើម្បីការពារសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងករណីចំបាច់។ មិនតែប៉ុណ្ណោះ លោកក៏បានបង្កើនការដាក់ទណ្ឌកម្មជាច្រើនលើទីក្រុងព្យុងយ៉ាងផងដែរ ប៉ុន្តែរបបដឹកនាំ កុម្មុយនីស្ដមួយនេះ កាន់តែបាញ់សាកល្បមីស៊ីលជាបន្តបន្ទាប់ រហូតដល់អ្នកជំនាញខ្លះព្រមានថាឧបទ្វីបកូរ៉េ កំពុងស្ថិតនៅក្បែរមាត់ជ្រោះនៃសង្រ្គាមនុយក្លេអ៊ែរ៕
៦៖ ការបោះឆ្នោតប្រកាសឯករាជ្យរបស់តំបន់កាតាឡាន់
នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ មេដឹកនាំតំបន់កាតាឡាន់ បានរៀបចំការបោះឆ្នោតប្រជាមតិប្រកាសឯករាជ្យផ្ដាច់ខ្លួនពីប្រទេសអស្ប៉ាញ ហើយរហូតដល់ ថ្ងៃទី២៧ ខែតុលា ទើបសភាកាតាឡាន់បានប្រកាសឯករាជ្យ។ ប៉ុន្តែ រដ្ឋាភិបាលអេស្ប៉ាញចាត់ទុកថា វាជាទង្វើខុសច្បាប់ ព្រមទំាងបានបណ្ដេញប្រធានាធិបតីកាតាឡាន់ ចេញពីតំណែង និងប្រកាសរំលាយសភានេះចោល ហើយរៀបចំការបោះឆ្នោតជាថ្មី នៅថ្ងៃទី២១ ខែធ្នូកន្លងទៅនេះ។
៧៖ វិបត្តិការទូតកាតា និងប្រទេសអារ៉ាប់ក្នុងតំបន់
រដ្ឋអារ៉ាប់ទាំងបួនមាន អារ៉ាប៊ីសាអូឌីត បារ៉ែន អេហ្ស៊ីប និង អេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី០៥ ខែមិថុនា បានប្រកាសកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតា ដោយចោទ ថាទីក្រុងដូហាគំាទ្រពួកភេរវករ បើទោះជាកាតាបដិសេធជាច្រើនដងក៏ដោយ។ បន្ថែមពីលើនេះ រដ្ឋទាំងបួនបានដាក់សំណើ១៣ចំណុច ឱ្យកាតាដាច់ខាតត្រូវតែអនុវត្តតាម ក្នុងនោះរួមមាន៖ បិទស្ថានីយ៍ទូរទស្សន៍ Al Jazeera, ផ្ដាច់ការទូតជាមួយអ៊ីរ៉ង់, បណ្ដេញកងទ័ពតួកគីចេញពីប្រទេស និងឈប់គាំទ្រពួភេរវករជាដើម ប៉ុន្តែមកនឹងពេលនេះកាតាមិនព្រមអនុវត្តតាមនោះទេ៕
៨៖ ការធ្វើឃាតបងប្រុសម្ដាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន
បងប្រុសម្ដាយទីទៃរបស់លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ ត្រូវបានឃាតករស្រីពីរនាក់សម្លាប់ នៅឯអាកាសយានដ្ឋានទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយប្រើប្រាស់សារធាតុគីមពុល VX ដែលត្រូវបាន UN ចាត់ទុកថាអាវុធដ៏ប្រល័យ។ ប៉ុន្តែស្រី្តទាំងពីរនាក់ ជាប់ចោទក្នុងសំណុំរឿងនេះគឺនាងស៊ីទី អៃស៍ យ៉ាហ៍ (Siti Aisyah) ជាពលរដ្ឋឥណ្ឌូនេស៊ីមានអាយុ២៥ឆ្នាំ និងនាង ដូន ធីហួង (Doan Thi Huong) មានអាយុ២៨ឆ្នាំ មកពីប្រទេសវៀតណាម បានបដិសេធរាល់ការ ចោទប្រកាន់ដោយអះអាងថាខ្លួន ត្រូវបានគេបោកបញ្ឆោតថាការសម្លាប់លោក គីម ជុងណាំ គ្រាន់តែជាការសម្ដែងខ្សែភាពយន្តពិតៗតែប៉ុណ្ណោះ។ ចំណែកឯ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចង្អុលមុខកូរ៉េខាងជើងចំៗថា អ្នកនៅពីក្រោយអំពើឃាតកម្មនេះ៕
៩៖ លោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ
នៅខែមិថុនា ឆ្នាំ២០១៧ អនុឡោមតាមគោលនយោបាយតម្កលផលប្រយោជន៍អាមេរិកមុនគេ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តប្រកាសដក សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ពីពីអាកាសធាតុ ដែលតម្រូវឱ្យប្រជាង២០០ កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ក្រុមអ្នកការពារបរិស្ថាន បាន ថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះ ខណៈអធិការបតីអាល្លឺម៉ង់លោកស្រីអាន់ជែល ឡាមឺគែល បានអះអាងថាសហរដ្ឋអាមេរិកលែងក្លាយជាមេដឹកនាំ ពិភពលោកទៀតហើយ៕
១០៖ គូប្រជែងដ៏ធំរបស់លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេដកអភ័យឯកសិទ្ធិ
មេដឹកនាំគណបក្សប្រឆាំងធំបំផុតក្នុងប្រទេសរុស្ស៊ី លោក អាឡិចសៃ ណាវ៉ាល់នី (Alexei Navalny) ត្រូវបានគេហាមឃាត់ជាផ្លូវការមិនឱ្យចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី នៅខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរុស្ស៊ី បានអះអាងថា លោក Navalny មិនអាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតីដោយសារតែលោកត្រូវបានគេផ្ដន្ទាទោសពីបទប្រព្រឹត្តអំពើពុករលួយ ដែលលោកផ្ទាល់ចាត់ទុកថាជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ខណៈប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានដាក់ពាក្យឈរឈ្មោះរួចរាល់ហើយ៕