(បរទេស)៖ ក្នុងឆ្នាំ២០១៧ គ្រោះហន្តរាយធម្មជាតិជាច្រើនបានកើតឡើងនៅជុំវិញពិភពលោក ក្នុងនោះមានទាំងគ្រោះរញ្ចួយដី ទឹកជំនន់ គ្រោះរអិលបាកដី ដែលបានផ្ដាច់ យកអាយុជីវិតមនុស្សរាប់រយនាក់។ ខាងក្រោមនេះគឺជាការរៀបរាប់ឡើងវិញពីគ្រោះមហន្តរាយធម្មជាតិសំខាន់ៗក្នុងឆ្នាំ២០១៧នេះ៖
១៖ ព្យុះ Hurrcane Maria ក្នុងសាធារណៈរដ្ឋដូមីនិច
ប្រជាជនជាច្រើននៅក្នុងទីក្រុង Arenoso នៃសាធារណៈដូមីនិច បានជួបប្រទះនឹងគ្រោះទឹកជំនន់ដ៏អាក្រក់ក្នុងប្រវត្តិសាស្ត្រ នារយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២១០៧ បន្ទាប់ពីការវាយប្រហាររបស់ ព្យុះ Hurrcane Maria ដែលជាព្យុះមួយដ៏មានឥទ្ធិពលនៅមហាសមុទ្រតំបន់អាត្លង់ទិច។ ព្យុះនេះ បានផ្ដាច់យកអាយុជីវិតមនុស្ស១៤នាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសក្នុងតំបន់ការ៉ាបៀនមួយនេះយ៉ាងដំណំ៕
២៖ គ្រោះរញ្ជួយដីនៅម៉ិចសីកូ
គ្រោះរញ្ជួយដីកម្រិត៧.១រ៉ិចទ័រ បានវាយប្រហារលើប្រទេសមិចស៊ីកូ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ បានផ្ដាច់យកអាយុជីវិតមនុស្សច្រើនជាង ៣៦៩នាក់ ហើយ រាប់ពាន់នាក់រងបួស និងគ្មានបត់បង់ទីជម្រក៕
៣៖ គ្រោះរញ្ជួយដីនៅអ៊ីរ៉ង់
មនុស្សយ៉ាងហោចណាស់ ៦២០នាក់បានស្លាប់ និង៧,៨១៧នាក់ បានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ វាយប្រហារលើតំបន់ព្រំដែនរវាងអ៊ីរ៉ង់ និងអ៊ីរ៉ាក់ កាលពីថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០១៧៕
៤៖ ទឹកជំនន់នៅបង់ក្លាដែស ឥណ្ឌា និងនេប៉ាល់
គ្រោះទឹកជំនន់ក្នុងរដូវមូសុង ដែលបានវាយប្រហារលើប្រទេស បង់ក្លាដែស ឥណ្ឌា និងនេប៉ាល់ កាលពីខែកញ្ញា ឆ្នាំ២០១៧ បានសម្លាប់មនុស្សច្រើនជាង១,៤០០នាក់ និងជាង៤០លាននាក់ រងផលប៉ះពាល់៕
៥៖ គ្រោះរអិលបាក់ដីនៅកូឡុំប៊ី
គ្រោះរអិលបាក់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង កាលពីដើមខែមេសា ឆ្នាំ២០១៧ បានសម្លាប់មនុស្សជាង ២០០នាក់ នៅក្នុងទីក្រុង Mocoa ប្រទេសកូឡុំប៊ី៕
៦៖ ព្យុះ Hurrica Irma នៅសហរដ្ឋអាមេរិក និងតំបន់ការ៉ាបៀន
ព្យុះ Hurrica Irma ដែលបានបកបោកសង្រ្គប់លើរដ្ឋផ្លរីដា និងតំបន់ការរ៉ាបៀន កាលពីថ្ងៃទី២០ ខែកញ្ញា បានបណ្ដាលឱ្យមនុស្ស៦៤នាក់ស្លាប់ និងបង្កជាការខូចខាត យ៉ាងធ្ងន់ធ្ងរផងដែរ៕
៧៖ ទឹកជំនន់និងគ្រោះរអិលបាក់ដី នៅប្រទេសសៀរ៉ា ឡេអូន
គ្រោះទឹកជំនន់ក្នុងទីក្រុង Freetown នៃប្រទេសសៀរ៉ា ឡេអូន បានផ្ដាច់ជីវិតមនុស្ស៣១២នាក់ កាលពីថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០១៧ រីឯមនុស្សច្រើនជាង២,០០០នាក់ បាត់បង់ទីជម្រក៕
៨៖ ព្យុះ Hurricane Harvey នៅសហរដ្ឋអាមេរិក
ព្យុះ Hurricane Harvey គឺជាព្យុះដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រអស់រយៈពេលជាង៥០ឆ្នាំមកនេះ ដែលបានវាយប្រហារលើរដ្ឋទិចសាស់ សម្លាប់មនុស្ស៨២នាក់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧៕
៩៖ ព្យុះទីហ្វុង Tembin នៅហ្វីលីពីន
ព្យុះទីហ្វុង Tembin បានវាយប្រហារយ៉ាងដំណំទៅលើប្រទេសហ្វីលីពីន និងបានផ្តាច់ជីវិតមនុស្សជាង ២៣០នាក់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧៕
១០៖ ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក
ភ្លើងឆេះព្រៃ ក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីខែ តុលា ឆ្នាំ២០១៧ បានសម្លាប់មនុស្សច្រើនជាង៤០នាក់ ហើយវាបានក្លាយជាភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៃរដ្ឋស្ថិតនៅឆ្នេរភាគ ខាងលិចរបស់សហរដ្ឋអាមេរិកមួយនេះ៕