(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល ត្រូវបានគេរំពឹងថានឹងប្រកាសពីគំរោងបង្កើតរដ្ឋាភិបាលថ្មីមួយក្នុងឆ្នាំ២០១៨ខាងមុខនេះ ស្របពេល ការចរចាបង្កើតរដ្ឋាភិបាលហាក់ដូចជាកំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ។ នេះបើតាមការិយាល័យព័ត៌មានរដ្ឋាភិបាល ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី៣១ ខែធ្នូ ឆ្នាំ២០១៧។
ការិយាល័យព័ត៌មានរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ផ្អែកលើសុន្ទរកថាមួយរបស់លោកស្រីមឺគែល ដែលនឹងត្រូវថ្លែងនាឱកាសថ្ងៃចូលឆ្នាំថ្មី បានគូសបញ្ជាក់ដូច្នេះថា៖«ជនរួម ជាតិរបស់ខ្ញុំ អ្នកទាំងអស់គ្នាបានស្នើឱ្យពួកយើង ជាអ្នកនយោបាយត្រូវគិតពីអនាគតប្រទេសជាតិ ហើយពេលខ្លះត្រូវគិតគូរពីតម្រូវការរបស់ប្រជាជនអាល្លឺម៉ង់...ដូច្នេះ ខ្ញុំយល់ថាវាគឺជាការទទួលខុសត្រូវរបស់ខ្ញុំក្នុងការអនុវត្តន៍សំណើទាំងនេះ ក្នុងនោះរួមមានទាំងការខិតខំប្រឹងប្រែងបង្កើតរដ្ឋាភិបាលអាល្លឺម៉ង់ដ៏មានស្ថេរភាពមួយនៅក្នុង ឆ្នាំថ្មីនេះ»។
គួរបញ្ជាក់ថា ប្រជាជនអាល្លឺម៉ង់បានបោះឆ្នោតសភា កាលពីថ្ងៃទី២៤ ខែកញ្ញា ហើយបើតាមលទ្ធផល គណបក្ស CDU របស់លោកស្រីមឺគែល និងគណបក្សជាដៃគូរ CSU បានទទួលជ័យជម្នះដោយទទួលបាន២៤៦អសនៈ ខណៈគណបក្ស SPD បាន១៥៣ អសនៈ។ ប៉ុន្តែនេះ វាមិនគ្រប់គ្រាន់ឱ្យលោកស្រី អធិការបតីអាល្លឺម៉ង់ បង្កើតរដ្ឋាភិបាលបាននោះទេ ពោលគឺលោកស្រីត្រូវការចងសម្ព័ន្ធភាពជាមួយគណបក្ស Free Liberal Party (FDP) និងគណបក្ស The Greens party ជាមុនសិន ក្រោយគណបក្សទាំងពីរនេះយល់ព្រមចរចាឡើងវិញ៕