(តេហេរ៉ង់)៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសសហរដ្ឋអាមេរិកយ៉ាងខ្លាំងសម្រាប់ ការលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ ដែលនេះគឺជាទង្វើមួយមិនចេះអៀន ខ្មាស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី៣១ ខែធ្នូ ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយកាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Bahram Qasemi បានចាត់ទុកថាការលូកដៃរបស់ប្រធានាធិបតី អាមេរិកលោកដូណាល់ ត្រាំ និងការគាំទ្រដល់ក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់នាពេលថ្មីៗគឺជា«ទង្វើឆ្លៀតឱកាស និងមិនចេះខ្មាស់អៀន»។ លោក Qasemi បានគូសបញ្ជាក់ដូច្នេះថា៖«អ៊ីរ៉ង់ចាត់ទុកថាការគំាទ្ររបស់ប្រធានាធិបតីអាមេរិក ដល់ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលគឺជាទង្វើឆ្លៀតឱកាស និងមិនចេះខ្មាស់អៀន ហើយ តាមរយៈសកម្មភាពនេះវាមានតែបង្ហាញកាន់តែច្បាស់ពីភាពមិនចេះអៀនខ្មាស់ និងល្បិចលាក់ពុតរបស់រដ្ឋបាលអាមេរិកតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក Bahram Qasemi ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារដ្ឋាភិបាលអ៊ីរ៉ង់គួរតែគោរពសិទ្ធិ និងសិទ្ធិបញ្ចេញមតិនៃប្រជាជនរបស់ខ្លួន ខណៈពិភពលោកកំពុងឃ្លាំមើលការបង្រ្កាបលើក្រុមអ្នតវ៉ា។ បាតុកម្មតវ៉ាប្រឆាំងបញ្ហាសេដ្ឋកិច្ច និងអំពើពុករលួយដែលផ្ទុះឡើង តាំងតែពីថ្ងៃសុក្រ បានប្រែក្លាយជាអំពើហិង្សាដោយបណ្ដាលឱ្យមនុស្សពីរនាក់បានស្លាប់៕